681 ezgif.com resize
Swift cc time

ក្រសួងមហាផ្ទៃឱ្យដាក់«មន្ត្រីនគរបាលចរាចរណ៍»តាមគោលដៅឡើងវិញដើម្បីអប់រំ តែមិនឱ្យផាកពិន័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ 

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានសម្រេចដាក់មន្ត្រីនគរបាលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅតាមគោលដៅឡើងវិញ បន្ទាប់​ពី​សង្កេត​ឃើញ​គ្រោះ​ថ្នាក់ចរាចរណ៍បន្តកើតមានគួរឱ្យព្រួយបារម្ភ។តែការដាក់ដំណើរការឡើងវិញនេះ ក្នុងគោលដៅចុះអប់រំដល់ប្រជាពលរដ្ឋអ្នកបើកបរ ហើយមិនអនុញ្ញាតឱ្យមន្ត្រីនគរបាលចាប់ផាកពិន័យប្រជាពលរដ្ឋនោះទេ។នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នៅថ្ងៃទី ២៤ វិច្ឆិកា។

យោងតាមលោក ទូច សុឃៈ រយៈពេលត្រឹមតែ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០នាក់។ 

ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៧វិច្ឆិកា មាន៨ករណី ស្លាប់៥នាក់ របួស៩នាក់ ថ្ងៃទី១៨ មាន៧ករណី ស្លាប់១នាក់ របួស៩នាក់ ថ្ងៃទី១៩ មាន១៤ករណី ស្លាប់៥នាក់ របួស២៥នាក់ ថ្ងៃទី២០ មាន១៤ករណី ស្លាប់១៩នាក់ របួស៤២នាក់ ថ្ងៃទី២១ មាន៩ករណី ស្លាប់៧នាក់ របួស១៤នាក់ ថ្ងៃទី២២ មាន៧ករណី ស្លាប់២នាក់ របួស១០នាក់ និងថ្ងៃទី២៣ វិច្ឆិកា មាន១០ករណី ស្លាប់៥នាក់ របួស១១នាក់។

គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង បណ្តាលឱ្យមានមនុស្សស្លាប់ និងរងបួសជាច្រើននាក់ក្នុងរយៈពេល៧ថ្ងៃមុននេះ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ កំពង់ចាម និងខេត្តព្រៃវែង។

លោក ទូច សុឃៈ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃឱ្យដាក់«មន្ត្រីនគរបាលចរាចរណ៍»តាមគោលដៅឡើងវិញ ដើម្បីចុះអប់រំណែនាំដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទូទៅ។ប៉ុន្តែមិនអនុញ្ញាតឱ្យមានការចាប់ផាកពិន័យនោះទេ។លោលបន្តក្រើនរំលឹក និងទទូចអំពាវនាវទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា មិនថានៅលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ឫផ្លូវតាមសហគមន៍ភូមិ ឃុំ ក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច គឺដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ៕

Khcct banner

អត្ថបទទាក់ទង