681 ezgif.com resize
Swift cc time

កម្លាំងជំនាញ ស្រាវជ្រាវបង្រ្កាបជនសង្ស័យ៨នាក់ ក្លែងជាសមត្ថកិច្ចធ្វើសកម្មភាព ជំរិតទារប្រាក់ពីជនបរទេសពេលយប់នៅភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ក្រុមឧក្រិដ្ឋជនចំនួន០៨នាក់ ដែលក្លែងបន្លំខ្លួនធ្វើជាកម្លាំងកងរាជអាវុធហត្ថ ចេញធ្វើសកម្មភាពយ៉ាងសកម្ម ចាប់ខ្លួនជនបរទេសយកទៅបង្ខាំងទុក ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានមន្ត្រីជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចបង្ក្រាបបាន និង បង្ហាញមុខជាសាធារណៈ។ជនសង្ស័យទាំង០៨នាក់នេះ គឺមាន០៧នាក់​ជា​មុខសញ្ញា​ដៃដល់​ដែលធ្វើសកម្មភាព និង ម្នាក់ទៀតគឺជាអ្នកយករថយន្ត។

យោងតាមរបាយការណ៍ពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ជនសង្ស័យទាំង០៨នាក់នេះ បន្លំខ្លួនធ្វើជាកម្លាំងកងរាជអាវុធហត្ថ ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន ៥២,០០០ដុល្លារ លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទៀបភ្លឺ។

ភ្លាមៗក្រោយហេតុការណ៍នេះកើតឡើង អគ្គស្នងការនគរបាលជាតិ និង ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ត្រីជំនាញឈាន ពន្លាតដែនសមត្ថកិច្ចបន្ថែមទៅសហការជាមួយ ​កម្លាំងនគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និង ខេត្តព្រះសីហនុ បើកប្រតិបត្តិការស្រាវជ្រាវ រហូត​ឈានទៅបង្ក្រាបបានមុខសញ្ញាពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការបង្ក្រាបក្រុមជនសង្ស័យ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងដូចជា រថយន្តតូយូតាព្រូស​ ០២គ្រឿង អាវុធខ្លីចំនួន០៤ដើម , គ្រាប់កាំភ្លើង៣៨គ្រាប់ ទូរស័ព្ទដៃ០៦គ្រឿង ខ្នោះដៃ ០៧ ​និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង០៨នាក់ ត្រូវបានកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕


 

-សមត្ថកិច្ចបានចាប់យកវត្ថុតាងពីជនសង្ស័យខាងមានដូចខាងក្រោម៖

-រថយន្តម៉ាកព្រូស ពណ៌ស ផ្លាកលេខ កំពត 2B-8818 និងរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2BQ-8101

-កាំភ្លើង ០៤ដើមៈ១,អាវុធខ្លីម៉ាក GLOCK19GEN4 , ២. អាវុធខ្លីម៉ាក GLOCK19kuiEX , ៣.អាវុធខ្លីម៉ាក SIGSAUER , ៤.អាវុធខ្លីម៉ាក SPRINGFIELDARMORY

-ទូរស័ព្ទចំនួន ០៦គ្រឿង

-គ្រាប់ចំនួន ៣៨គ្រាប់

-ខ្នោះដៃចំនួន ០៧

-សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន ០៤កំប្លេ

-កាតកងរាជអាវុធហត្ថចំនួន ០២សម្លឹក (COPY)

-កាបូបស្ពាយចំនួន ០១

-តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៨នាក់ខាងលើថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជំរិ..តទារប្រាក់ចំនួន ០៦លើកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕

Khcct banner

អត្ថបទទាក់ទង