ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជាមួយក្រុមហ៊ុន សាម៉ាឌី ប្រផឹធី & ហសភីថលលីធី ឯ.ក និង ATMOSPHERE CORE PRIVATE LIMITED បានពិភាក្សាក្នុងការវិនិយោគលើវិស័យសណ្ឋាគារនិងរីស៊តនៅកម្ពុជា និងការផ្សព្វផ្សាយឆ្នេរសមុទ្រ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី មាស សុភារ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាម៉ាឌី ប្រផឹធី & ហសភីថលលីធី ឯ.ក និងលោក Shrikant Dash អគ្គនាយករងក្រុម ATMOSPHERE CORE PRIVATE LIMITED និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបង្ហាញពីគម្រោងវិនិយោគលើផ្នែកសណ្ឋាគារ និងរីស៊តនៅកម្ពុជា។
ក្នុងកិច្ចជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ព្រមទាំងស្វាគមន៍ចំពោះក្រុមហ៊ុនទាំងពីរដែលបានបង្ហាញនូវគម្រោង និងជ្រើសរើសប្រទេសកម្ពុជាសម្រាប់ធ្វើការវិនិយោគផ្នែកសណ្ឋាគារ និងរីស៊ត ដែលនេះជាការរួមចំណែកជាមួយរដ្ឋបាលភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។
ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាបន្ថែមទៀតទៅកាន់ទីផ្សារសកលលោក លោករដ្ឋមន្ត្រី បានគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា និងបានស្នើសុំឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅទូទាំងពិភពលោក ហើយក្រសួងទេសចរណ៍ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់កិច្ចសហការជាមួយដៃគូក្រុមហ៊ុនក្នុងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក និងកិច្ចការដដៃទៀត។
គួរបញ្ជាក់ថា ក្រុមហ៊ុន ATMOSPHERE ជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការវិនិយោគផ្នែកបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិក្នុងបណ្តាប្រទេសមួយចំនួនរួមមាន ប្រទេសម៉ាឌីវ អ៊ីតាលី ប៊ូតាន ឥណ្ឌា ណេប៉ាល់ ស្រីលង្កា និងបណ្តាលប្រទេសមួយចំនួនផ្សេងទៀតនៅក្នុងទ្វីបអាស៊ី៕