681 ezgif.com resize
Swift cc time

រដ្ឋាភិបាលអាល្លឺម៉ង់ បន្តឧបត្ថម្ភប្រមាណ ៥៥លានដុល្លារ លើគម្រោងចំនួន២ សម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KW) ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក ដែលមានទឹកប្រាក់សរុបចំនួន ៤៧.៥ លានអឺរ៉ូ ត្រូវជាប្រមាណ ៥៥ លានដុល្លាអាមេរិក ក្នុងនោះទឹកប្រាក់ចំនួន ៣០ លានអឺរ៉ូ សម្រាប់ អនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងទឹកប្រាក់ចំនួន ១៧.៥ លានអឺរ៉ូ សម្រាប់គម្រោងនេះជំហានទី៣។

គម្រោងទាំងពីរ ជំហានខាងលើនេះ មានទិសដៅធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបរដោយ ប្រសិទ្ធភាព និងនិរន្តភាពដល់បរិស្ថាន និងសង្គម នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា តាមរយៈការវិនិយោគ ទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។ ការវិនិយោគនេះ នឹងផ្តោតលើការពង្រីកបណ្តាញតង់ស្យុងមធ្យម ២២ នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតាមតំបន់ជនបទនៅក្នុងខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ, ការសាងសង់និងពង្រីកអនុស្ថានីយ៍, ព្រមទាំងការសាងសង់ខ្សែបញ្ជូនក្រោមដី និងប្រព័ន្ធ អាគុយស្តុកថាមពល។

គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងជំហានទី៣ ដែលត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននៅថ្ងៃនេះ បានឆ្លើយតបនឹងតម្រូវការអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យថាមពលសំដៅរក្សាលំនឹងថ្លៃ និង ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ អគ្គិសនី ព្រមទាំងធានាភាពគ្រប់គ្រាន់ និងស្ថិរភាព នៃការផ្គត់ផ្គង់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងកសិកម្ម ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ និងអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពល ឱ្យអស់សក្តានុពលដើម្បី ធានាបាននូវសន្តិសុខថាមពល។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអាល្លឺម៉ង់ និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លាក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពនៃការបន្តឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដល់រាជរដ្ឋាភិបាលកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង