681 ezgif.com resize
Swift cc time

កម្ពុជាត្រៀមស្វាគមន៍ការវិលមកវិញនូវ«វត្ថុសិល្បៈបុរាណខ្មែរ»ជាច្រើនគ្រឿងមកពីជនជាតិហុងគ្រី

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖កម្ពុជាត្រៀមស្វាគមន៍ការវិលមកវិញនូវ«វត្ថុសិល្បៈបុរាណខ្មែរ»ជាច្រើនគ្រឿងមកពីជនជាតិហុងគ្រី លោក István Zelnik ដែលជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង វត្ថុសម័យបុរេប្រវត្តិសាស្ត្រ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងវប្បធម៌​ បានឱ្យដឹងថា បន្ទាប់ពីការចរចា អស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបាន បាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ។

ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរ ជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែលគួរទុកជាគំរូ។ ក្រសួង លើកទឹកចិត្តដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូចជាស្ថាប័ននានាលើ សាកលលោក ដែលកំពុងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្របសម្រួលប្រគល់សម្បត្តិវប្បធម៌ខ្មែរ ត្រឡប់មកកម្ពុជាវិញ។

គួរបញ្ជាក់ថា លោក István Zelnik ជាជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LiDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក៕


Khcct banner

អត្ថបទទាក់ទង