រតនគិរី៖ ស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាឲ្យកម្លាំងនគរបាល ត្រៀមចុះទៅជួបភរិយាវីរកងទព័ដល់ផ្ទះ ដេីម្បីពិភាក្សានឹងជួយច្រូតកាត់ស្រូវជូនដល់យុទ្ធជនដែលជាប់ភារកិច្ចការពារព្រំដែននៅជួរមុខ(កម្ពុជា-ថៃ)នៅថ្ងៃស្អែក ខណៈប្រពន្ធកំពុងមានផ្ទៃពោះមិនទាន់សម្រាលកូន និង ខ្វះខាតកម្លាំងពលកម្ម។
លោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី តាមរយៈបណ្តាញសង្គម បានចេញបញ្ជាដល់កម្លាំងនគរបាល ចុះទៅជួបភរិយាវីរកងទ័ពដល់ផ្ទះ ដេីម្បីពិភាក្សា នឹងជួយច្រូតកាត់ស្រូវជូនដល់យុទ្ធជន ដែលជាប់ភារកិច្ចការពារព្រំដែននៅជួរមុខ(កម្ពុជា-ថៃ) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ស្អែកនេះ តាមការអំពាវនាវ នៅភូមិសិរីមង្គល ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ ក្រៅពីការជួយចុះច្រូតស្រូវ លោកស្នងការខេត្ត ក៏ត្រៀមឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនរបស់លោកមួយចំនួនទៀតជូនដល់ភរិយា លោក Khan Tey សម្រាប់ដោះស្រាយបញ្ហា និង ប្រេីប្រាស់ក្នុងពេលសម្រាលកូននាពេលខាងមុខផងដែរ។
គួរបញ្ជាក់ថា គណនីហ្វេសប៊ុក ឈ្មោះ Khan Tey ដែលត្រូវបានគេដឹងថាជាវីរកងទ័ពជួរមុខ បានប្រើប្រាស់បណ្ដាញសង្គមផ្ទាល់ខ្លួន អំពាវវនាវដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋជួយច្រូតស្រូវដែលត្រូវប្រមូលផល ខណៈដែលប្រពន្ធកំពុងមានផ្ទៃពោះជិតគ្រប់ខែនៅមិនទាន់មានប្រាក់គ្រប់គ្រាន់សម្រាប់សម្រាលកូននៅឡើយ និងខ្វះខាតកម្លាំងពលកម្ម៕