រវ៉ាន់ជា៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ជា នាថ្ងៃទី១៨ វិច្ឆិកា បានចុះហត្ថលេខា លើឯកសារទ្វេភាគីចំនួនពីរ ដែលនឹងបើកផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងយល់ពីវិស័យសក្តានុពលផ្សេងទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់កម្ពុជា និងរវ៉ាន់ជា។
កំឡុងពេលទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងគណៈប្រតិភូនៅសាធារណរដ្ឋរវ៉ាន់ដា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីកម្ពុជា និងលោក Olivier J.P. Nduhungirehe រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា បានចុះហត្ថលេខា លើឯកសារទ្វេភាគីចំនួនពីរគឺ៖ (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និង (២) កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការ។
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា លោក Justin Nsengiyumva បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើឯកសារទ្វេភាគីទាំងពីរដោយរដ្ឋមន្ត្រីការ បរទេសទាំងពីរ នឹងបើកផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ស្វែងយល់ពីវិស័យសក្តានុពលផ្សេងទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់កម្ពុជា និងរវ៉ាន់ជា។
នៅរសៀលថ្ងៃដដែល លោក ប្រាក់ សុខុន ក៏បានអញ្ជើញជួបពិភាក្សា ទ្វេភាគីជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមមាន មូលបទ និម្មិតសញ្ញា បញ្ជាភស្តុភារ និងការងារពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត៕