ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២០ វិច្ឆិកា ២០២៥ បាននឹងកំពុងចុះជួយអន្តរាគមន៍ជំនន់ទឹកភ្លៀង និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ឱ្យទៅកាន់ទីទួលមានសុវត្ថិភាព បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បាននឹងកំពុងកើនឡើងដល់កម្រិតប្រុងប្រយ័ត្ន។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បាននឹងកំពុងដាក់សម្ពាធ នៅក្រុងពោធិ៍សាត់ ពិសេសចំណុចសង្កាត់ព្រៃញី សង្កាត់បន្ទាយដី សង្កាត់រលកស សង្កាត់ផ្ទះព្រៃ និងក្បាលហុង ដោយសារតែក្បាលស្ទឹងទាំងបី នៅប៉ែកខាងលើបានបុកសម្រុកមក។ អាជ្ញាធរខេត្ត បាននឹងកំពុងយកចិត្តទុកដាក់ អន្តរាគមន៍ជួយទប់ទឹក និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ឱ្យទៅកាន់ទីទួលមានសុវត្ថិភាព ។
ជាមួយគ្នានោះ អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ជាពិសេសនៅស្រុកកណ្តៀង ត្រូវប្រុងប្រយ័ត្នខ្ពស់៕