ភ្នំពេញ៖ របបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ អាចបណ្តាលឲ្យចុះត្រជាក់រហូតដល់២០°C ចាប់ពីថ្ងៃទី២០-២២ វិច្ឆិកា។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ។
តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូពីមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕