ភ្នំពេញ៖ ក្រសួងព័ត៌មាន ស្នើឱ្យបញ្ឈប់ការយករូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ និង ព័ត៌មានក្លែងក្លាយមកផ្សព្វផ្សាយឡើងវិញ ដោយគ្មានការពិនិត្យ គ្មានការបញ្ជាក់ប្រភពពិតប្រាកដ និង ពេលខ្លះបានបំភ្លៃដោយដាក់ថ្ងៃខែឆ្នាំដើម្បីបំភាន់ថាហេតុការណ៍នេះកំពុងកើតឡើងជាដើម។
ការស្នើសុំនេះ ធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ក្នុងនោះក៏មានអ្នកសារព័ត៌មានពលរដ្ឋ បានយករូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ឬព័ត៌មានដែលបានវាយត្រាជាព័ត៌មានក្លែងក្លាយរួចហើយស្តីពីស្ថានភាព ដែលបានកើតឡើងនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងទីកន្លែងផ្សេងទៀតនៅក្នុងខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយឡើងវិញ ដោយគ្មានការពិនិត្យ បញ្ជាក់ប្រភពពិតប្រាកដ និងពេលខ្លះបានបំភ្លៃដោយដាក់ថ្ងៃខែឆ្នាំដើម្បីបំភាន់ថាហេតុការណ៍នេះកំពុងកើតឡើងជាដើម។
បើតាមក្រសួងព័ត៌មាន សកម្មភាពបែបនេះ បានបង្កឱ្យមានការភាន់ច្រឡំ ការភ័យខ្លាច និងចលាចលក្នុងចំណោមសាធារណជននិងបំពានក្រមសីលធម៌វិជ្ជាជីវៈធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការរក្សាស្ថិរភាព និងជីវភាពប្រក្រតីក្នុងសង្គម និង ធ្វើឱ្យបាត់បង់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ទង្វើបែបនេះ មិនត្រូវឱ្យមានកើតមានឡើងឡើយ ពិសេសក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែន៕