ភ្នំពេញ៖គណៈសង្ឃនាយកនៃកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានចេញសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ មហាសន្និបាតនេះ ធ្វើឡើងសំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងរួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងពង្រឹងគុណភាព អប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណាឲ្យវិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាស្រែបុណ្យ គួរជាទីគោរពបូជារបស់ពុទ្ធបរិស័ទ។
យោងតាមសង្ឃប្រកាសគណៈសង្ឃនាយកនៃកម្ពុជា មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចប្រតិបត្តិធម៌វិន័យរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន និងបន្តជំរុញសមណៈបព្វជិត ភិក្ខុ សាមណេរ ក្នុងពុទ្ធសាសនមណ្ឌលកម្ពុជា ឱ្យស្ថិតក្នុងវិន័យ សីលធម៌និងអភិសមាចារ ដើម្បីរក្សាជំហរដ៏រឹងមាំក្នុងភាពជាអ្នកគោរពប្រតិបត្តិពុទ្ធសាសនាជួរមុខ សំដៅធានាបាននូវសទ្ធាជ្រះថ្លានិងភាពកក់ក្តៅរបស់ពុទ្ធបរិស័ទក្នុងការគោរពបូជានិងរៀនសូត្រតាម។
ទន្ទឹមនឹងនេះ ដើម្បីពង្រឹងការដឹកនាំវត្តអារាមទូទាំងប្រទេស ប្រកបដោយគុណភាពនិងប្រសិទ្ធភាព គណៈសង្ឃរាជធានី-ខេត្តគប្បីបើកវគ្គខ្លីបណ្តុះបណ្តាលបព្វជិតជាបេក្ខសមណៈ ដែលត្រូវបាន ជ្រើសរើសជាគណៈសង្ឃវត្តក្នុងនោះ រួមមាន ព្រះចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង វិន័យធរ លេខាធិការវត្ត អំពីភាពជាអ្នកដឹកនាំការគ្រប់គ្រង វិន័យសីលធម៌ របៀបស្វាធ្យាយព្រះធម៌ កិច្ចវត្ត របៀបនៃការគោរពព្រះមហាថេរ ចតុប្បារិសុទ្ធិសីល និងអភិសមាចារ ឱ្យស័ក្តិសមជាសមណៈសក្យបុត្តិយ៍។
ជាមួយគ្នានេះ មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់សហការជាមួយក្រសួងធម្មការនិងសាសនា បន្តពង្រឹងនិងលើកកម្ពស់ វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏សំខាន់ នៃពុទ្ធសាសនាថេរវាទកម្ពុជា ក្នុងនោះរួមមាន ពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា ពុទ្ធិកឧត្តមសិក្សា និងពុទ្ធិកក្រោយឧត្តមសិក្សា ដើម្បីធានាបាននូវគុណភាពសិក្សានិងមូលធនសង្ឃក្នុងពុទ្ធសាសនមណ្ឌល។ ដោយឡែក ពុទ្ធិកបឋមសិក្សាទាមទារ ឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីគណៈសង្ឃមូលដ្ឋានគឺ គណៈសង្ឃរាជធានី-ខេត្ត គណៈសង្ឃ ក្រុង-ស្រុក-ខណ្ឌ និងគណៈសង្ឃវត្ត ដោយសហការជាមួយមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត ជៀសវាងការឆកល្វែង និងធ្វេសប្រហែសក្នុងការពន្លឿនលើដំណើរការអភិវឌ្ឍពុទ្ធិកបឋមសិក្សា ដែលជា មូលដ្ឋានដ៏រឹងមាំ នៃចំណេះដឹង៕