
ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៣០ វិច្ឆិកានេះ បានថ្លែងថា តំណាងរាស្ត្រដែលធ្លាប់កើតជំងឺកូវីដ១៩ ក្នុង«ព្រឹត្តិការណ៍៣វិច្ឆិកា» ហើយព្យាបាលជានោះ ពេលនេះរើឡើងវិញ។សម្តេចថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
សម្តេចថ្លែងថា "ជំងឺនេះ (កូវីដ) មិនច្បាស់ទេ សូម្បីតែតំណាងរាស្ត្ររបស់យើងម្នាក់ដែលជាប់ក្នុង «ព្រឹត្តិការណ៍៣វិច្ឆិកា» ដែលព្យាបាលជានៅមន្ទីរពេទ្យ ឥឡូវនេះបានចាប់ផ្តើមរើឡើងវិញ ត្រូវយកគាត់ទៅមន្ទីរពេទ្យឡើងវិញ"។
បើទោះបីជាសម្តេច ហ៊ុន សែន ថ្លែងមិនបានបញ្ចេញឈ្មោះចំ ប៉ុន្តែគេអាចដឹងបានថា តំណាងរាស្ត្រដែលឆ្លងកូវីដក្នុង «ព្រឹត្តិការណ៍៣វិច្ឆិកា» មានតែឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ បន្ទាប់ពីឯកឧត្តមបានជួបចាប់ដៃនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបទេសហុងគ្រីដែលមានរោគកូវីដ១៩ កាលពីថ្ងៃទី០៣ វិច្ឆិកា ២០២០ ។
ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានទាមទារឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ហើយអំពាវនាវដល់អ្នកពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»ទៅធ្វើតេស្តស្វែងរកកូវីដ១៩ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងចូលសហគមន៍។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ឯកឧត្តម សួស យ៉ារ៉ា បានចេញសញ្ញាគ្រុនក្តៅ ហើយលទ្ធផលតេស្តបង្ហាញថា ឯកឧត្តរើឡើងវិញនូវកូវីដ១៩ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានបញ្ជូនដល់មកសម្រាកនៅមន្ទីរពេទ្យ។
តែយ៉ាងណា លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា សុខភាពឯកឧត្តមល្អមិនធ្ងន់ធ្ងរទេ ហើយក្នុងអំឡុងគាត់សម្រាកក៌មិនពាក់ព័ន្ធជាមួយអ្នកដ៏ទៃដែរ។
ឯកឧត្តម សួស យ៉ារ៉ា គឺជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ដែលបានឆ្លងជំងឺកូវីដ១៩ពីរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលបានមកទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែវិច្ឆិកានេះ។អ្នកតំណាងរាស្រ្តរូបនេះ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃទី០៩ ខែវិច្ឆិកា នៅពេលធ្វើតេស្តជាលើកទី២ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ វិច្ឆិកាអ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន ៣៣៣២សំណាក មកពី៧ខេត្ត ។ ចំណែកអ្នកឆ្លងកូវីដ១៩ ពី«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»គឺបានកើនឡើងដល់ ១៤នាក់ហើយ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាថ្មីទៀតដល់ពលរដ្ឋកុំឲ្យភ័យស្លន់ស្លោរហូតដល់បាត់ម្ចាស់ការចំពោះ«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ហើយថាក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ ៕