681 ezgif.com resize
Swift cc time

ក្រុមអ្នកជំនាញ បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទឥដ្ឋ ជ្រុងអាគ្នេយ៍ នៃប្រាសាទភ្នំក្រោម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។ គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍ បានចាប់ផ្តើមពីខែឧសភា និងបញ្ចប់ទាំងស្រុងនៅពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២៥នេះ។

លោក មឿន ចន្រ្ទាថា បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទនេះខូចខាត និងទ្រុឌទ្រោមខ្លាំងនៅផ្នែកដំបូលដែលមានស្នាមប្រេះ និងហែកចេញពីគ្នា។ ការណ៍នេះធ្វើឱ្យមានទឹកហូរច្រោះ ពេលមានភ្លៀងធ្លាក់ម្តងៗ។ មួយទៀត គឺតួខឿនប្រាសាទ មានការទ្រុឌទ្រោមខ្លាំងផងដែរ ដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់។

ចំពោះបច្ចេកទេសជួសជុលប្រាសាទនេះ ក្រុមការងារបានសម្អាតកម្ទេចដី ឬសស្មៅ ដើមរុក្ខជាតិ និងព្យាយាមរកឥដ្ឋចាស់ៗដែលជ្រុះរាយប៉ាយនៅខាងក្រោម ឬនៅជុំវិញ ដោយពង្រឹងខឿន ដំបូល និងតួប្រាសាទឱ្យមានភាពរឹងមាំឡើងវិញ។

ក្នុងនាមជាអ្នកជួសជុលមួយរូប លោក មឿន ចន្រ្ទា មានមោទកភាពដែលរួមចំណែកជួសជុល ប្រាសាទដែលទ្រុឌទ្រោម ឱ្យងើបឈរ និងរឹងមាំឡើងវិញ។ អ្នកជំនាញរូបនេះរំពឹងថា ភ្ញៀវទេសចរនឹងចូលមកទស្សនាប្រាសាទភ្នំក្រោមឱ្យបានច្រើន ដ្បិតថាតំបន់នេះមានភាពអំណោយផលគឺមានប្រាសាទបុរាណ ភ្នំ ទេសភាពវាលស្រែបៃតង ផ្ទៃបឹងទន្លេសាប និងផ្ទះតូចធំរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញភ្នំក្រោម៕


Khcct banner

អត្ថបទទាក់ទង