កោះកុង៖ ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ចំនួន ០២ខ្សែ ប្រវែងសរុប ៣២,១០គ.ម ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង បានប្រកាសបើកការសាងសង់ជាផ្លូវការ ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដែលនឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋក្នុងឃុំចំនួន៤គឺ ឃុំកណ្តោល ឃុំជីផាត ឃុំឬស្សីជ្រុំ និងឃុំជំនាប់ នៃស្រុកថ្មបាំង ខេត្តកោះកុង។
នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ចំនួន ០២ខ្សែ ប្រវែងសរុប ៣២,១០គ.ម ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងបញ្ជាក់ថា ការសាងសង់ផ្លូវទាំងពីរខ្សែនេះ គឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាម សេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជា “មាសបៃតង” របស់កម្ពុជា។
បន្ថែមពីនេះ លោករដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសារទរចំពោះបងប្អូនប្រជាជនក្នុងមូលដ្ឋានចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរចូលក្នុងតំបន់អេកូទេសចរណ៍ជីផាត។
គូរបញ្ជាក់ថា ការដ្ឋានសាងសង់ផ្លូវទាំងពីរខ្សែ ប្រវែងសរុប ៣២,១០គ.ម នេះ មានតម្លៃប្រមាណជាង ៥ លានដុល្លាអាមេរិក នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១ ៣៩៣គ្រួសារ ស្មើនឹង ៦ ១៤៥នាក់ រស់នៅក្នុងឃុំចំនួន៤គឺ ឃុំកណ្តោល ឃុំជីផាត ឃុំឬស្សីជ្រុំ និងឃុំជំនាប់ នៃស្រុកថ្មបាំង ខេត្តកោះកុង៕