681 ezgif.com resize
Swift cc time

ក្រសួងការងារ អំពាវនាវឲ្យសហគមន៍អន្តរជាតិស៊ើបអង្កេតជាបន្ទាន់ ករណីក្រុមទាហានឈុតខ្មៅថៃ រំលោភសេពសន្ថវៈនិងប្រើអំពើហិង្សាលើពលករខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៨ ខែវិច្ឆិកានេះ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និង ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងក្នុងរូបភាព ជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រី ១នាក់។

យោងតាមក្រសួងការងារ បានឲ្យដឹងថា ករណីនេះ បានកើតឡើងនៅក្នុង ខេត្តចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជានៅពេលដែលពលករខ្មែរ បានធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ខណៈពេលដែលច្រកព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ។ អំពើអមនុស្សធម៌ទាំងនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិពលករទេសន្តរប្រវេសន៍ និងសិទ្ធិស្ត្រី ដែលមានចែងក្នុង លិខិតុបករណ៍របស់អង្គការសហប្រជាជាតិ (UN) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរ ប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។

ក្រសួង បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការ ចាត់វិធានការផ្លូវច្បាប់ដើម្បីស្វែងរកយុត្តិធម៌ និងផ្តល់ការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តជូនដល់ជនរងគ្រោះ តាមរយៈសេវាគាំទ្ររបស់មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC)។

ទន្ទឹមនឹងនេះ ក្រសួងអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការតាមដាននិង ជំរុញរាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចថៃឱ្យធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវយុត្តិធម៌ជូនជនរងគ្រោះ ដែលជាពលករទេសន្តរប្រវេសន៍ខ្មែរ ក៏ដូចជាដើម្បីការពារសិទ្ធិ ពលករទេសន្តរប្រវេសន៍ទាំងអស់ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃពីអំពើហិង្សានានា។

ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការវិវត្តលើករណីនេះ និងករណីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាការការពារ និងលើកកម្ពស់សិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ខ្មែរ ដោយអនុលោម តាមលិខិតបទដ្ឋានអន្តរជាតិ។ ក្នុងឱកាសនេះ ក្រសួងណែនាំនិងក្រើនរំលឹកសាជាថ្មីដល់ បងប្អូនពលករ ខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា និង/ឬការរើសអើងនានា និងជ្រើសរើសការទាក់ទងមកស្ថាប័ន មានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូរបស់កម្ពុជា ក្នុងការធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព៕


Khcct banner

អត្ថបទទាក់ទង