សៀមរាប៖ ធ្លាប់មានឪពុកជាអ្នកជួសជុលប្រាសាទនៅសម័យបារាំង លោកតា ស៊ឹម អឿម បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានបន្តការងារពីឪពុក ក៏ដូចជាបានរួមចំណែកការពារមរតកវប្បធម៌ជាតិខ្មែរសម្រាប់កូនចៅ ជំនាន់ក្រោយ។ បន្ថែមពីនេះ បច្ចុប្បន្នលោកតាក៏កំពុងផ្ទេរចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយផងដែរ ដោយសង្ឃឹមថា ពួកគេនឹងបន្តការងារអភិរក្ស និងជួសជុលប្រាសាទឱ្យបានគង់វង្សជាដរាប។
លោកតា ស៊ឹម អឿម ចាស់ព្រឹទ្ធាចារ្យ និងជាអ្នកជួសជុលប្រាសាទឥដ្ឋជាង៣០ឆ្នាំមកហើយ បានបង្ហាញពីមោទកភាពជាខ្លាំង ក្នុងនាមអ្នកអង្គរមួយរូបដែលបានរួមចំណែកជួសជុលប្រាសាទ ឱ្យរឹងមាំឡើងវិញ។ លោកតារំឭកថា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋមួយចំនួនដូចជា ប្រាសាទត្រពាំងផុង ព្រៃមន្ទីរ អកយំ បាតជុំ លលៃ និងប្រាសាទបាគងជាដើម។ល។
គួរបញ្ជាក់ថា ច្រើនឆ្នាំមកនេះ ក្រុមការងារនៅតំបន់រលួស បានអភិរក្ស និងជួសជុលប្រាសាទមួយចំនួន ដូចជាប្រាសាទលលៃ ដែលបិទបញ្ចប់ហានិភ័យនៃតួប្រាង្គទាំងបួន។ ក្រៅពីនោះបានជួសជុលប្រាសាទតួប្រាង្គជ្រុងឦសាន និងខ្លោងទ្វារខាងកើត ប្រាសាទព្រះគោ។ នៅប្រាសាទបាគងវិញ ក្រុមការងារបានជួសជុលសម្រេចជួសជុលតួប្រាង្គលេខ៨ លេខ៧ និងលេខ៤ និងកំពុងជួសជុលប្រាង្គលេខ៥បន្តទៀត។ យ៉ាងណាមិញ នៅមានប្រាសាទ ឬបុរាណដ្ឋានជាច្រើនទៀត ដែលត្រូវការអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាអភិរក្ស និងជួសជុលបន្ត៕