ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធនាការបោកបញ្ឆោតថ្មីៗដែលកំពុងតែកើតមានឡើងយ៉ាងគំហុក ដោយជនខិលខូចបានបន្លំខ្លួនធ្វើជាក្រុមហ៊ុន Telegram ។ ក្រសួងបានគូសបញ្ជាក់ថា «នៅពេលទទួលបានសារពីគណនីឈ្មោះបន្លំដែលមានលក្ខណៈស្រដៀងនឹងពាក្យ Telegram កុំចុចលើតំណភ្ជាប់នោះជាដាច់ខាត ហើយត្រូវលុបចោលសារនោះភ្លាមៗតែម្តង។»។
យោងតាមសេចក្តីជូនដំណឹងនេះ ជនខិលខូចជាច្រើនបានកំពុងប្រើប្រាស់ល្បិចបន្លំធ្វើជាក្រុមហ៊ុន Telegram ហើយបានបញ្ជូនសារទៅកាន់អ្នកប្រើប្រាស់ ដោយបង្ខំឱ្យពួកគេចុចលើតំណភ្ជាប់ (Link) ភ្លាមៗ ដោយគំរាមថាគណនី Telegram របស់ពួកគេនឹងត្រូវលុបចោល ឬបាត់បង់ក្នុងរយៈពេលដ៏ខ្លី បើមិនដូច្នោះទេ។
ក្នុងករណីនេះ ក្រសួងណែនាំថា នៅពេលដែលលោកអ្នកទទួលបានសារពីគណនីឈ្មោះបន្លំដែលមានលក្ខណៈស្រដៀងនឹងពាក្យ Telegram សូមកុំចុចលើតំណភ្ជាប់នោះជាដាច់ខាត ហើយត្រូវលុបចោលសារនោះភ្លាមៗតែម្តង។ បន្ថែមពីនេះ ក្រសួងបានបន្តទៀតថា ករណីសង្ស័យថាមានអ្វីមិនប្រក្រតី ឬបានទទួលសារបោកបញ្ឆោតខាងលើ សូមមេត្តាទំនាក់ទំនងដើម្បីរាយការណ៍ជាបន្ទាន់តាមរយៈការហៅចូលទៅកាន់លេខទូរសព្ទ ១២៣ ឬ ៦៧៨៩ ឬ ផ្ញើសារចូលទៅកាន់ទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕