ភ្នំពេញ៖ ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំ ដែលផ្សាយដល់ជាង ២០០តំបន់ជុំវិញពិភពលោក និងមានទស្សនិកជនជាង ៤២១លាននាក់ នឹងមកថតខ្សែភាពយន្តឯកសារស្តីពី "ការរីកចម្រើនរុងរឿងរបស់កម្ពុជា" ដោយបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនជុំវិញពិភពលោក។
នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានជំនួបជាមួយលោក Michaël Darmon និងលោក Yves Derai អ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីរបស់ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំមួយក្នុងពិភពលោកដែលមានទស្សនិកជនជាង ៤២១លាននាក់ ពិភាក្សាការងារផ្លាស់ប្តូរយោបល់ ព្រមស្នើសុំអនុសាសន៍ណែនាំលើគម្រោងថតភាពយន្តឯកសារស្តីពី "ការរីកចម្រើនរុងរឿងរបស់កម្ពុជា" ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីអាណត្តិរបស់សម្តេចតេជោ រហូតមកដល់សម្តេចធិបតី។
ក្នុ្ងងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់អ្នកកាសែតដ៏ល្បីរបស់បារាំងទាំងពីររូប មកថតខ្សែភាពយន្តឯកសារដែលមានលក្ខណៈប្រវត្តិសាស្រ្ត បញ្ជាក់ពីតថាភាពជាក់ស្តែង និងកម្រិតអន្តរជាតិនេះ ដោយបានផ្សារភ្ជាប់ជាមួយសក្តានុពលទេសចរណ៍ដែលកំពុងរះដ៏ចិញ្ចាច ជាមួយកាលានុវត្តវិនិយោគដ៏ល្អជាពិសេសក្នុងវិស័យទេសចរណ៍។
តាមការជម្រាបជូនរបស់ផលិតករ ខ្សែភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងកិច្ចប្រជុំកំពូលអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ៕តាមការជម្រាបជូនរបស់ផលិតករ ខ្សែភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងកិច្ចប្រជុំកំពូលអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ៕