681 ezgif.com resize
Swift cc time

សម្ដេច ប៊ុន រ៉ានី ឧបត្ថម្ភពលរដ្ឋរងគ្រោះការបាញ់ប្រហារនៅភូមិព្រៃចាន់ ក្នុង១នាក់ ១០លានរៀល និងគ្រួសារអ្នកជំងឺក្នុងម្នាក់ៗ ៥លានរៀល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះសំណាលតាមទូរស័ព្ទ និងចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈមួយចំនួន ដល់អ្នកជំងឺទាំង៣រូប ដោយក្នុងម្នាក់ៗចំនួន ១០លានរៀល និងគ្រួសារអ្នកជំងឺក្នុងម្នាក់ៗចំនួន ៥លានរៀល ជូនពលរដ្ឋរងគ្រោះដោយព្រឹត្តិការណ៍បាញ់ប្រហារ នៅភូមិព្រៃចាន់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

សម្ដេច ប៊ុន រ៉ានី បានជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់តាមទូរស័ព្ទ ជាមួយពលរដ្ឋរងគ្រោះទាំង៣រូប ដោយសម្តេចបានសួរនាំពីសុខភាព ស្ថានភាពគ្រួសារ និងជូនពរដល់ប្រជាពលរដ្ឋដ៏ស្លូតត្រង់ ដ៏គួរអាសូរទាំង៣រូបនេះ ឱ្យឆាប់ជាសះស្បើយ ពិសេសបានលើកទឹកចិត្ដដល់ពលរដ្ឋដែលរងគ្រោះនេះ សូមសម្រាកព្យាបាលឱ្យបានប្រសើរឡើងវិញ ដោយកុំមានការព្រួយអ្វីទាំងអស់ទៅការព្យាបាល សូមទុកចិត្ដលើក្រុមគ្រូពេទ្យដែលកំពុងបម្រើសេវាសុខាភិបាលជូនយ៉ាងចិត្ដទុកដាក់បំផុត។

ក្នុងឱកាសនោះ សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកស្រី អ៊ុក ម៉ាលី បានឧបត្ថម្ភថវិកាដល់អ្នកជំងឺទាំង៣រូបនេះ ដោយក្នុងម្នាក់ៗចំនួន ១០លានរៀល និងគ្រួសារអ្នកជំងឺក្នុងម្នាក់ៗចំនួន ៥លានរៀលផងដែរ។

គួរបញ្ជាក់ថា ប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប បានរងរបួសដោយការបាញ់ប្រហារនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិត នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក៕

Khcct banner

អត្ថបទទាក់ទង