681 ezgif.com resize
Swift cc time

៦ខែ យុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”របស់ក្រសួងព័ត៌មានទទួលបានលទ្ធផលល្អប្រសើរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

របាយការណ៍របស់លេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ - Say No To Fake News” ស្តីពីការអនុវត្តយុទ្ធនាការរយៈពេល៦ខែ គឺចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលល្អប្រសើរ ដោយកំពុងដំណើរការអនុវត្តយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្ត និងទទួលបានការគាំទ្រច្រើនឡើងៗពីប្រជាពលរដ្ឋតាមសហគមន៍នៅទូទាំងប្រទេស ជាមួយនឹងការបន្តចូលរួមជាប្រចាំ ទាំងក្នុងយុទ្ធនាការលើបណ្តាញទំនាក់ទំនងសង្គម តាមរយៈសកម្មភាពផ្សព្វផ្សាយ ព្រឹត្តិការណ៍នានា ក៏ដូចជាការចូលរួមក្នុងសកម្មភាពផ្ទាល់ក្នុងសហគមន៍។

បើតាមការឱ្យដឹងពីលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” នៃក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ការអនុវត្តយុទ្ធនាការតាមបណ្តារាជធានី-ខេត្ត ចាប់តាំងពីខែមេសារហូតមកដល់ខែកញ្ញា ឆ្នាំ២០២៥ សម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

1- យុទ្ធនាការបានផ្តល់ព័ត៌មាន បង្កើនចំណេះដឹងអំពីគ្រោះថ្នាក់ និងការបង្ការហានិភ័យដែលបណ្តាលមកពីព័ត៌មានក្លែងក្លាយក៏ដូចជារបៀបផ្ទៀងផ្ទាត់ព័ត៌មាន តាមរយៈការផ្សព្វផ្សាយមាតិកាបែបអប់រំសរុបចំនួនប្រមាណជាង ២៥ ៦០០ដង/មាតិកា ដែលត្រូវបានបញ្ចេញតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជន ទាំងប្រពៃណី និងទំនើប និងតាមបណ្តាញសង្គមក្នុងនោះមានមាតិកាអប់រំថ្មីចំនួនប្រមាណ ២ ០០០ មាតិកា ដែលបង្ហាញរបៀបកំណត់ព័ត៌មានក្លែងក្លាយ និងសារក្រើនរំលឹកអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយបង្កើតដោយAi។ មាតិកាទាំងនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកបន្ត ប្រកបដោយការទទួលខុសត្រូវ ដោយការផ្សាយជាឯកជនរបស់ពលរដ្ឋទូទៅនិងសហគមន៍អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត។

2- ព្រឹត្តិការណ៍ផ្សព្វផ្សាយតាមទីសាធារណៈ ក៏ដូចជាពិធីប្រជុំផ្សព្វផ្សាយក្នុងខេត្ត ក្រុង ស្រុក ត្រូវបានរៀបចំឡើង សរុបចំនួន ២៨២ លើក នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កំពត កែប ព្រះសីហនុ កោះកុង កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ សៀមរាប និងស្ទឹងត្រែង ដើម្បីបញ្ជ្រាបការយល់ដឹងសាធារណៈឱ្យទូលំទូលាយ។ យុទ្ធនាការបានផ្សព្វផ្សាយ ផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន សហគមន៍ និងតាមភូមិ-ឃុំ ដែលមានប្រជាពលរដ្ឋរស់នៅ និងកំពុងប្រើបណ្តាញសង្គមសម្រាប់ការទទួលព័ត៌មាន។ សកម្មភាពនេះកំពុងបន្តអនុវត្តនៅតាមបណ្តាខេត្តផ្សេងៗទៀត តាម កាលវិភាគកំណត់ខណៈយុទ្ធនាការផ្សព្វផ្សាយលើបណ្តាញសង្គម បានបន្តជាប្រចាំ។

3- ការគាំទ្ររបស់សាធារណៈជនកំពុងមានសន្ទុះជាមួយអ្នកចូលរួមប្រមាណជាង៥លាននាក់ និងបន្តកើនឡើងទៀត ទាំងក្នុងយុទ្ធនាការលើបណ្តាញទំនាក់ទំនងសង្គម និងតាមរយៈការចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការចូលរួមក្នុងព្រឹត្តិការណ៍នានាតាមសហគមន៍។ យុទ្ធនាការបានផ្ញើសារអប់រំតាមប្រព័ន្ធ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តចំនួនជាង ២៣លាន នាក់/គណនី នៅទូទាំងប្រទេសកម្ពុជា។

4- ការផ្សព្វផ្សាយតាមទីសាធារណៈតាមរយៈផ្ទាំងប៉ាណូធំៗសរុបចំនួន ៤៥ផ្ទាំង នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម សៀមរាប រតនគីរី ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺកំពត កែប មណ្ឌលគិរី កំពង់ឆ្នាំង និងបាត់ដំបង បានរួមចំណែកធានាការទទួលព័ត៌មានស្តីពីយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ។

5- ក្នុងក្របខណ្ឌធានាសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សាយលើបណ្តាញសង្គម ក្រសួងព័ត៌មានបានដាក់ចេញសេចក្តីណែនាំ និងបទដ្ឋានតម្រង់ទិសលើក្រមសីលធម៌ និយាមប្រតិបត្តិបណ្តាញសង្គម សម្រាប់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាលើបណ្តាញសង្គមអនុវត្តតាម ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ និងអនុលោមតាមសីលធម៌សង្គម។

លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍គូសបញ្ជាក់ថា ជាមួយលទ្ធផលទាំងនេះ និងសកម្មភាពដែលត្រូវអនុវត្តបន្ត យុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” កំពុងក្លាយជាចលនាជាតិ ដើម្បីផ្តល់ការការពារជូនប្រជាពលរដ្ឋពីមហន្តរាយដែលអាចកើតពីព័ត៌មានក្លែងក្លាយ។

ការសាយភាយព័ត៌មានក្លែងក្លាយកាន់តែមានភាពខ្លាំងក្លាឡើង ហើយបានក្លាយជាក្តីបារម្ភចំបងមួយសម្រាប់បណ្តាប្រទេសនៅលើពិភពលោក ខណៈបច្ចេកវិទ្យាបាននិងកំពុងវិវត្តរីកចម្រើនឡើងឥតឈប់ឈរ។

លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍៖ «នៅកម្ពុជា យុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” និងយន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានផ្តល់ភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំ និងឆ្លុះបញ្ចាំងឆន្ទៈក្នុងការការពារសហគមន៍ និងសង្គមជាតិពីគ្រោះថ្នាក់ ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយបង្កើតដោយបច្ចេកវិទ្យាAi»៕


Khcct banner

អត្ថបទទាក់ទង