ភ្នំពេញ៖ ក្រសួងការងារ និងភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះអនុស្សរណៈស្តីពីការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី២" ដើម្បីពង្រឹងការអប់រំបែបឌីជីថលនៅកម្ពុជា។ គម្រោងនេះ នឹងចូលរួមអភិវឌ្ឍសម្ភារៈសិក្សាឌីជីថលដែលមានគុណភាពអប់រំតាមស្តង់ដារ TVET និងចូលរួមក្នុងការកសាងយន្តការប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍឌីជីថលក្នុងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Pius Frick អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ(Liechtenstein Development Service - LED) បានចុះអនុស្សរណៈស្តីពីការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី២" នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនាពេលនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអភិវឌ្ឍសម្ភារៈសិក្សាឌីជីថលដែលមានគុណភាពអប់រំតាមស្តង់ដារ TVET និងចូលរួមក្នុងការកសាងយន្តការប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍឌីជីថលក្នុងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយស្របតាម “គោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមកម្ពុជា ឆ្នាំ២០២១-២០២៥”។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអនុវត្តនូវគម្រោងសម្ភារៈសិក្សាឌីជីថលសម្រាប់គម្រោង អ.ប.វ. ដំណាក់កាលទី២នេះ មានសារៈសំខាន់សម្រាប់ការអនុវត្តថ្នាលសិក្សាតាមប្រព័ន្ធឌីជីថលនៅតាមគ្រឹះស្ថាន អ.ប.វ. ជាពិសេសគឺពង្រីកឱកាសបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាម និងគ្រូបង្វឹក ឱ្យកាន់តែទូលំទូលាយ។
ជាការឆ្លើយតប លោក Pius Frick បានសម្ដែងក្ដីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ. - ដំណាក់កាលទី២" ដែលនឹងចូលរួមចំណែកក្នុងការកសាងសមត្ថភាព តាមរយៈការរៀនផង និងអនុវត្តផង៕