សិង្ហបុរី៖ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូដរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាលទី១ តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូដរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាលទី១៖ “កម្ពុជាស្កេន ឃ្យូអរកូតនៅក្នុងប្រទេសសិង្ហបុរី” នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
ការដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូដនេះ នឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវា ងាយស្រួល រហ័ស និងសុវត្ថិភាព នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី។
ក្នុងដំណាក់កាលទី១នេះ KHQR កម្មវិធីបាគង ឥឡូវនេះអាចស្កេន Roam QR តាមរយៈ SGQR បាន ដោយរួមមានតាមរយៈធនាគារអេស៊ីលីដា និងកម្មវិធីធនាគារ Phillip ព្រមទាំងនឹងមានធនាគារបន្តទៅទៀតនាពេលខាងមុខ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មិនមែន SGQR ទាំងអស់អាចត្រូវបានស្កេនដោយ KHQR នៅឡើយទេ។ នេះនឹងត្រូវបានដាក់ឱ្យដំណើរការយឺតៗក្នុងរយៈពេល ២៤ ខែខាងមុខ ដើម្បីគ្របដណ្តប់ ១០០% នៅប្រទេសសិង្ហបុរី។ សម្រាប់ពេលនេះ Roam QR មាននៅក្នុងស្ថានីយអាកាសយានដ្ឋាន Changi និងហាងដែលបានជ្រើសរើសនៅខាងក្រៅប្រមាណ១០០០ពាណិជ្ជករ៕