ពោធិ៍សាត់៖ ក្រុមមការងារបច្ចេកទេស និងការដ្ឋាន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានបន្តសកម្មភាពជួសជុល ស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង) PK141+300 ដែលរងប៉ះពាល់ដោយទឹកភ្លៀងហូរច្រោះ ធ្លាក់ភក់ ដើមឈើ និងថ្មលើតួផ្លូវ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ សម្រេចវឌ្ឍនភាពប្រមាណ៩០ភាគរយហើយ។នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី ១២ ខែវិច្ឆិកានេះ។
លោក ផន រឹម បានបញ្ជាក់ថា សកម្មភាពជួសជុល និងស្តារឡើងវិញ សម្រេចវឌ្ឍនភាពប្រមាណ៩០ភាគរយហើយ រួមមាន៖ សកម្មភាពជួសជុលផ្លូវដោយក្រាលកៅស៊ូDBSTដែលខូចខាត, ជើងទេរ,ជួសជុលសំណង់ប្រឡាយ និងស្តារដីភក់ ដុំថ្ម ដើមឈើចេញពីលូ ប្រឡាយជាដើម។ ចំពោះ ស្ថានភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋលើផ្លុវជាតិលេខ៥៥ មានសភាពធម្មតា ខណៈដែលទឹកភ្លៀងបានថមថយ បង្កលក្ខណៈងាយស្រួលដល់ដំណើរការការដ្ឋានស្ថាបនា និងជួសជុល។
អ្នកនាំពាក្យ ក៏បានអំពាវនាវប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ដោយត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបាន ស្តាប់តាមការណែនាំរបស់ក្រុមការងារការដ្ឋាន និងយោគយល់ដល់ដំណើរការការដ្ឋានរំខានដល់ការធ្វើដំណើររបស់បងប្អូន៕