681 ezgif.com resize
Swift cc time

ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាព«រចនាសម្ព័ន្ធ និងជំរឿនមន្ត្រី»ក្នុងន័យរៀបចំផ្ទះឱ្យរៀបរយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ១១ វិច្ឆិកានេះ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាព«រចនាសម្ព័ន្ធ និង ជំរឿនមន្ត្រី»បំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស។ កិច្ចការងារជំរឿន និង ការវិភាគមុខងារនេះ គឺដើម្បីស្វែងរកលើទិន្នន័យ ឬសើរើឯកសារចាស់ៗ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ ជាមួយមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។

យោងតាម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ការធ្វើជំរឿន គឺជាការអនុវត្ត «ការរៀបចំផ្ទះ ឱ្យបានរៀបរយ» ដែលជាអភិក្រមរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការងារនេះ មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឬសើរើឯកសារចាស់ៗ របស់មន្ត្រីរាជការ ដើម្បីមានចំណាត់ការ ដាក់វិន័យជាទណ្ឌកម្ម ឬការវះកាត់នោះទេ។

បើតាមលោក ហ៊ុន ម៉ានី បន្តពន្យល់ថា ការធ្វើជំរឿន ដើម្បីប្រមូលទិន្នន័យដែលច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នាតែមួយ។ ទិន្នន័យដែលច្បាស់ នឹងផ្តល់ជាមូលដ្ឋាន ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រីឱ្យរឹតតែច្បាស់លាស់ ការរៀបចំផែនការមន្រ្តី ការជ្រើសរើសបំពេញឱ្យចំនៅកន្លែងខ្វះខាតពិតប្រាកដ ផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី។ ទិន្នន័យដែលចេញពីការធ្វើជំរឿននឹងបញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាឬ data base ដែលនឹងផ្តល់នូវភាពងាយស្រួលជាច្រើនដល់ការអនុវត្តការងាររួមមាន ការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការឡើងឋានន្តរសក្តិ និងអត្ថប្រយោជន៍សហព័ទ្ធជាដើម។

ជាមួយគ្នានេះ ការគ្រប់គ្រងបាននូវស្ថានភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ និងចំនួនមន្ត្រីបំពេញការងារជាក់លាក់តាមអង្គភាពនីមួយៗ នឹងអនុញ្ញាតឲ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ឱ្យឆ្លើយតបនឹងការងារជាក់ស្តែង ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ចូលរួម ក្នុងការបង្កើនប្រសិទ្ធភាពនៃការចំណាយថវិកាជាតិ៕

Khcct banner

អត្ថបទទាក់ទង