681 ezgif.com resize
Swift cc time

រដ្ឋបាលខេត្តសៀមរាប ជំរុញឲ្យបន្តរៀបចំសហគមន៍ទឹកជប់ខ្នារពោធិ៍ ដែលជាតំបន់ព្រៃកោងកាងទឹកសាបធំជាងគេនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប ជាតំបន់អភិរក្សព្រៃកោងកាងទឹកសាបធំជាងគេនៅកម្ពុជា ដែលមានផ្ទៃដីសរុបជាង ១០០០ហិកតា ត្រូវបានរដ្ឋបាលខេត្តសៀមរាប ជំរុញឲ្យបន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អទីតាំងអភិរក្សព្រៃកោងកាងទឹកសាបមួយនេះ ឱ្យកាន់តែទាក់ទាញដល់ភ្ញៀវទេសចរ មកលេងកម្សាន្តនៅខេត្តសៀមរាប។

លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានលើកឡើងថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មូលដ្ឋានស្រុកសូទ្រនិគម ក៏ដូចជាខេត្តសៀមរាប និងប្រទេសជាតិ។ លោកបន្តថា គេធ្លាប់តែឮអំពីព្រៃកោងកាងសមុទ្រ ប៉ុន្តែនៅខេត្តសៀមរាបក៏មានដើមកោងកាងទឹកសាបដុះជាច្រើនជិត ១០០ហិកតា ហើយត្រូវបានសហគមន៍ព្រៃឈើថែរក្សាបានយ៉ាងល្អ។ លោកបានបញ្ជាក់ថា៖ «នេះជាផលិតផលទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីខេត្តសៀមរាប ដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំបន់សៀមរាបអង្គរនេះ»។

សហគមន៍ទឹកជប់ខ្នារពោធិ៍ ជាតំបន់អភិរក្សព្រៃកោងកាងទឹកសាប ឬកោងកាងគោកដែល ធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានផ្ទៃដីសរុប ១ ០២២ ហិកតា ក្នុងនោះ មានផ្ទៃដីកោងកាងសរុបប្រមាណ ៩៨ ហិកតា (ប្រហែល ១០% នៃផ្ទៃដីសរុប)។ ទោះបីខេត្តសៀមរាបល្បីល្បាញលើសកលលោកថាជាទីតាំងសម្បូរនៃសំណង់បេតិកភណ្ឌក្តី ក៏មនុស្សភាគច្រើនមិនសូវបានដឹងឡើយថាខេត្តនេះក៏ជាទីតាំងដ៏សំខាន់នៃធនធានធម្មជាតិដ៏មានតម្លៃមួយដែរ។

គួរបញ្ជាក់ថា សហគមន៍ទឹកជប់ខ្នារពោធិ៍ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ពីក្រុងសៀមរាប ដែលភ្ញៀវទេសចរអាចធ្វើដំណើរទៅទស្សនាតំបន់អេកូទេសចរណ៍នេះ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ហើយបានក្លាយជាតំបន់ទេសចរណ៍នៅឆ្នាំ២០១៩។ ការដើរលើ ស្ពានឈើពត់បែន កាត់តាមព្រៃកោងកាងដែលមានដើមខ្ពស់ៗ ប្រហែលជាង ១០ម៉ែត្រ បង្កើតបានជាម្លប់ត្រជាក់ គឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយ។ ក្រៅពីទេសចរណ៍ធម្មជាតិ ក៏មានរៀបចំ តូបអាហារ និងផលិតផលសហគមន៍ ដើម្បីលក់ផលិតផលកសិកម្ម និងអនុផលព្រៃឈើតាមរដូវកាលផងដែរ៕


Khcct banner

អត្ថបទទាក់ទង