681 ezgif.com resize
Swift cc time

កូរ៉េ អរគុណសមត្ថកិច្ចកម្ពុជា ដែលបានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការស៊ើបអង្កេតវែកមុខមេក្លោង និងបក្ខពួក ពាក់ព័ន្ធបទល្មើស Online Scam

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក Yoo Jae-Seong អគ្គស្នងការស្តីទីនៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលបានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការស៊ើបអង្កេតវែកមុខមេក្លោង និងបក្ខពួក ក៏ដូចជាចំពោះការសម្របសម្រួលបញ្ជូនជនសង្ស័យជនជាតិកូរ៉េ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅប្រទេសកូរ៉េដើម្បីអនុវត្តនីតិវិធី បានយ៉ាងឆាប់រហ័ស។ ការថ្លែងនេះក្នុងពេលដែលលោក Yoo Jae-Seong ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះ លោក ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់ និងបានជម្រាបជូនពីលទ្ធផលនៃសកម្មភាពប្រតិបត្តិការនាពេលកន្លងទៅ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការបន្តពង្រីកការស្រាវជ្រាវក្រោយប្រតិបត្តិការបង្ក្រាប ដើម្បីវែកមុខរកមេក្លោង និងអង្គការចាត់តាំង ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដែលកិច្ចការនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជិតស្និទ្ធនិងប្រកបដោយភាពជឿជាក់ជាមួយបណ្តាភាគី និងដៃគូពាក់ព័ន្ធ។ ទន្ទឹមនេះ លោកបានសម្តែងការស្វាគមន៍ចំពោះគម្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានាពាក់ព័ន្ធពលរដ្ឋកូរ៉េនៅកម្ពុជា។

ជាកិច្ចឆ្លើយតប លោកអគ្គស្នងការស្តីទី បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលបានអនុវត្តដោយខ្ជាប់ខ្ជួន និងទាន់ពេលវេលា ចំពោះចំណុច ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាព ដែលជាលទ្ធផល នាំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ នាថ្ងៃនេះ។ លោកជឿជាក់ថា ក្រុមការងារចម្រុះនេះ នឹងក្លាយជានិម្មិតរូបនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ហើយវាក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមឧក្រិដ្ឋជន។ ទន្ទឹមនេះ លោក បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលបានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការស៊ើបអង្កេតវែកមុខមេក្លោង និងបក្ខពួក ក៏ដូចជាចំពោះការសម្របសម្រួលបញ្ជូនជនសង្ស័យជនជាតិកូរ៉េ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅប្រទេសកូរ៉េដើម្បីអនុវត្តនីតិវិធី បានយ៉ាងឆាប់រហ័ស។

ភាគីទាំងពីរបានបានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ ពាក់ព័ន្ធកិច្ចសហការ និងបានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជិតស្និទ្ធថែមទៀត៕

Khcct banner

អត្ថបទទាក់ទង