ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយអំណរព្រះរាជគុណ ចំពោះព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានព្រះរាជទាន«ព្រះរាជដំណាក់»ចំនួនពីរកន្លែង ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំជាសារមន្ទីជាតិ និង ទុកជាទ្រព្យសម្បត្តិជាតិ។សម្តេចទាំងពីរ បានប្តេជ្ញាថានឹងថែរក្សា ព្រះរាជដំណាក់ទាំងពីរខាងលើឱ្យបានល្អ ដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
ជាការឆ្លើយតបទៅកាន់ព្រះរាជសាររបស់ព្រះមហាក្សត្រ សម្តេច ហ៊ុន សែន និង សម្តេច ហ៊ុន ម៉ាណែត ថ្វាយសារលិខិតរួមគ្នា ថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន ២ សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និង ដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
ជាមួយគ្នានោះ ម្តេច ហ៊ុន សែន និង សម្តេច ហ៊ុន ម៉ាណែត រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញារៀបចំជួសជុលដំណាក់ទាំងពីរដែលជាកេរដំណែលរបស់អតីតព្រះមហាក្សត្រខ្មែរ គឺព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងរបស់ព្រះបាទសម្តេចនរោត្តម សីហមុនី ដើម្បីទុកជាសារមន្ទីរជាតិ និង ជាសម្បត្តិបេតិកភណ្ឌជាតិ។
គួរបញ្ជាក់ថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានព្រះរាជទានព្រះរាជដំណាក់ចំនួនពីរកន្លែង ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំជាសារមន្ទីជាតិ និងទុកជាទ្រព្យសម្បត្តិជាតិ។ព្រះរាជដំណាក់ចំនួនពីរនោះ គឺព្រះរាជដំណាក់ទក្សិណ និងព្រះរាជដំណាក់ព្កុល ដែលមានទីតាំងនៅភូមិ ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រះរាជដំណាក់ទក្សិណ គឺជាទីដែលអតីតព្រះមហាក្សត្រខ្មែរគឺព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ព្រះប្រសូតឡើង។ចំពោះព្រះរាជដំណាក់ព្កុល ដែលមានទំហំជាង ៣៥០០ម៉ែត្រការ៉េ នឹងត្រូវប្រែក្លាយជាសារមន្ទី និងក៏ជាដំណែលរបស់ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ក្រោយពេលព្រះអង្គលែងគង់នៅ៕