កំពត៖ ក្រុមការងាររាជរដ្ឋាភិបាល បានចុះមូលដ្ឋានស្រុកបន្ទាយមាស បាននិងកំពុងគិតគូរក្នុងការប្រែក្លាយ តំបន់ទេសភាពភ្នំព្រះគុហារហ្លួង ឱ្យទៅជាកន្លែងកំសាន្តប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅបន្ទាយមាស ក៏ដូចជាប្រជាជនទូទាំងប្រទេស។ នេះបើតាមការបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រែក្លាយនេះ គឺធ្វើតាមរយៈការរៀបចំផ្លូវចូល ចំណតឡាន បន្ទប់ទឹកស្អាត តូបលក់អាហារសមរម្យ នឹងធ្វើឱ្យតំបន់រមណីយដ្ឋានបំបាំងកាយនេះឱ្យកាន់តែភាពទាក់ទាញបន្ថែមទៀត។
គួរបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ស្ថិតនៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មានរូងភ្នំដ៏ធំដែលជាជម្រកនៃហ្វូងសត្វប្រចៀវរាប់លានក្បាល ដែលផ្តល់ជីធម្មជាតិសម្រាប់សហគមន៍មូលដ្ឋាន និងជារមណីយដ្ឋានទេសចរណ៍ធម្មជាតិបំបាំងកាយដ៏ទាក់ទាញ៕