681 ezgif.com resize
Swift cc time

កម្ពុជា-អង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ទីក្រុងឡុងដ៍៖ កម្ពុជា និងចក្រភពអង់គ្លេស បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងពង្រឹងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីបង្កើនចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង លោកស្រី Stephanie Peacock រដ្ឋមន្រ្តីកីឡា ទេសចរណ៍ សង្គមស៊ីវិល និងយុវជននៃចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

ជំនួបនេះបានប្រព្រឹត្តទៅនាឱកាសដែលរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមក្នុងពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market)។

ដើម្បីជំរុញកំណើនទេសចរ និងបង្ហាញសក្តានុពលខ្មែរ ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្សព្វផ្សាយទីផ្សាររួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរអង់គ្លេសមកកម្ពុជា និងភ្ញៀវទេសចរខ្មែរទៅកាន់ចក្រភពអង់គ្លេស។

ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តី ហួត ហាក់ ក៏បានអញ្ជើញលោកជំទាវ Stephanie Peacock មកទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីកត្តាសុខសន្តិភាព និងសុវត្ថិភាពទេសចរណ៍ នៅកម្ពុជា. សក្តានុពលទេសចរណ៍ដ៏សំបូរបែប របស់កម្ពុជា ពិសេសគឺ ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក ព្រមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានគេទទួលស្គាល់ថាជាព្រលានយន្តហោះធំជាងគេលំដាប់ទី៩ លើពិភពលោក (តាមទំហំផ្ទៃដី) និងត្រូវបានរៀបចំប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករអង់គ្លេស។

ជាការឆ្លើយតប រដ្ឋមន្រ្តីអង់គ្លេស បានទទួលឯកភាពនឹងអញ្ជើញមកទស្សនាកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅពេលសមស្របណាមួយ។ ជំនួបនេះបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាពិសេសលើវិស័យទេសចរណ៍ ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

Khcct banner

អត្ថបទទាក់ទង