681 ezgif.com resize
Swift cc time

ក្រសួងការបរទេស បន្តបង្ហាញការប្តេជ្ញាចិត្តគោរពបទឈប់បាញ់របស់កម្ពុជា និងការបោសសំអាតមីនមនុស្សធម៌នៅតំបន់ព្រំដែនចំពោះមុខអង្គទូតបរទេសទាំង៣៩រូប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៨ វិច្ឆិកា បានវើបទបង្ហាញស្តីពីការ វិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយផ្តោត ជាពិសេសលើការបន្តគោរពបទឈប់បាញ់របស់កម្ពុជា ការប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ និងការបោសសំអាតមីនមនុស្សធម៌នៅតំបន់ព្រំដែន ដែលមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ និងត្រូវធ្វើឡើងនៅតំបន់ព្រំដែនអាទិភាពដែលមានការឯកភាពដោយភាគីទាំងពីរ។ បទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន ៣៩ រូប ដែលមាននិវេសនដ្ឋាននៅរាជធានីភ្នំពេញ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានគូសបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ និងគោរព (១)សេចក្តីថ្លែងការណ៍រួម របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី នៅទីក្រុងកូឡាឡំាពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង(២) លទ្ធផលនៃកិច្ចប្រជុំនានារបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំនានារបស់គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងឆ្នាំ២០២៥។

លោករដ្ឋមន្ត្រីការបរទេស រីក៏បានបញ្ជាក់សាជាថ្មីផងដែរថា ការដោះមីនមនុស្សធម៌ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ និងត្រូវធ្វើឡើងនៅតំបន់ព្រំដែនអាទិភាពដែលមានការឯកភាពដោយភាគីទាំងពីរ ស្របតាមនិយាមប្រតិបត្តិ (SOP) ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៥៕


Khcct banner

អត្ថបទទាក់ទង