នៅកម្ពុជា ជំងឺផ្តាសាយបក្សី (avian influenza) គឺជាកង្វល់ដ៏ធំមួយ ដោយសារតែវាអាចប៉ះពាល់ដល់មនុស្ស មាន់ទា និងសត្វស្លាបព្រៃ។ ថ្មីៗនេះ គម្រោង Wildlife Interface Viromic Regional EID Surveillance (WIViREIDS) ដែលជាគម្រោងមួយក្នុងចំណោមគម្រោងចំនួនប្រាំបីរបស់ DFAT-CSIRO ក្រោមភាពជាដៃគូ ដើម្បីសុខភាពក្នុងតំបន់ បានរៀបចំកិច្ចប្រជុំតំបន់ប្រចាំឆ្នាំនៅខេត្តសៀមរាប។ ភាគីជាដៃគូ និងអ្នកពាក់ព័ន្ធបានចែករំលែកចំណេះដឹងអំពីការយកសំណាក និងការធ្វើតេស្តរកមេរោគសំខាន់ៗ។
បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី កំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពតាមដានពីថ្នាក់មូលដ្ឋានរហូតដល់មន្ទីរពិសោធន៍ថ្នាក់ជាតិ និងបណ្តាញក្នុងតំបន់សម្រាប់ការតាមដានជំងឺឆ្លងដែលកំពុងកើតមាននៅអាស៊ីអាគ្នេយ៍។
អំឡុងពេលនៃកិច្ចប្រជុំ អ្នកចូលរួមបានពិភាក្សាអំពីវិធីសាស្រ្តថ្មីៗសម្រាប់ការតាមដានជំងឺ ដូចជាការយកសំណាកពីខ្យល់ ដើម្បីរកឃើញជំងឺផ្តាសាយបក្សីនៅតំបន់ដែលមានសត្វស្លាបព្រៃ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំដោយសហការរវាងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ (NAHPRI) នៃកម្ពុជា និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការរៀបចំការឆ្លើយតបនឹងជំងឺ (ACDP) របស់ CSIRO៕