កោះកុង៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រគល់ធុងសំរាមជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង ចំនួន ៩៣៩ធុង។ ពិធីនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការនិងសាសនា តំណាងរដ្ឋបាលក្រុង-ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនសាខាកាកបាទក្រហម យុវជនកាយរឹទ្ធិ និងសិស្សានុសិស្សជាច្រើននាក់នៅខេត្តកោះកុង។
លោក សាបូ អូហ្សាណូ បានលើកឡើងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ។ ម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ហើយជួយកាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់សោភ័ណភាព អនាម័យ បរិស្ថាន ព្រមទាំងសមុទ្រដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្ត។
ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងលោកស្រីឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាម ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាមនៅទូទាំងខេត្តកោះកុង ដើម្បីបង្កើនភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តតំបន់សមុទ្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់សាភ័ណភាព និងលើកកម្ពស់នូវភាពស្អាតដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាម ព្រមទាំងការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕