ភ្នំពេញ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំងកម្ពុជា នឹងរៀបចំ«ផ្សារបារាំង» នៅថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០២៥ ពីម៉ោង១០ព្រឹកដល់ម៉ោង៦ល្ងាច នៅស្ថានទូតបារាំងប្រចាំកម្ពុជា ដែលមានស្តង់ជាង៧០ បង្ហាញពីម្ហូបបារាំង ការភ្លក់ម្ហូបចំណី សកម្មភាពកីឡា និងកម្មវិធីនានាជាច្រើនទៀត ។ ជាពិសេសស្ថានទូតបារំាងបើក ឱ្យចូលទស្សនាកម្សាន្តក្នុងឧទ្យាន ដែលមានដើមឈើ និងរុក្ខជាតិ២០០ដើម និងសត្វ២៥០ប្រភេទ។
បើតាមសេចក្តីជូនដំណឹងនៃស្ថានទូតបារាំង នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ផ្សារបារាំង» នឹងត្រឡប់មកវិញសារជាថ្មី ដើម្បីស្វាគមន៍សាធារណជនចូលរួមដោយឥតគិតថ្លៃដើម្បីឈ្វេងយល់ពីបារាំង និងកម្ពុជា តាមរយៈការដាក់បង្ហាញស្តង់ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
បើតាមស្ថានទូតបារាំងប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០២៤ «ផ្សារបារាំង» មានសាធារណជនជាង១ម៉ឺននាក់ បានចូលរួម។ ស្ថានទូតបានគូសបញ្ជាក់ថា កាបូបធំៗ វត្ថុធំៗ និងសត្វ មិនឱ្យយកចូលនោះទេ ហើយការចូលរួមនេះ ពុំមានការគិតថ្លៃនោះឡើយ៕