681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យនៅមណ្ឌលសុខភាពដោយមិនបានជូនដំណឹងមុន នាពិធីបុណ្យអុំទូកថ្ងៃទី៣ ដើម្បីពិនិត្យគុណភាពសេវាសុខាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងសុខាភិបាល

ព្រះសីហនុ៖ នាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យដោយមិនជូនដំណឹងមុន នៅមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅលើដែនកោះកណ្តាលសមុទ្រ ក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យគុណភាពសេវាសុខាភិបាល។

ក្នុងការចុះពិនិត្យនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កេតឃើញថា៖ បុគ្គលិកនៅប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃ មណ្ឌលសុខភាពមានបរិស្ថានអនាម័យស្អាត អ្នកជំងឺត្រូវបាន ទទួលពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់ មិនមានការរង់ចាំ។ គុណភាពសេវា ត្រូវបានវាយតម្លៃថា គ្រប់គ្រាន់ និងមានការរីកចម្រើន បង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិកក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋលើកោះនេះ។ ចំណុចមួយចំនួនដែលត្រូវធ្វើបន្ថែមអោយបានល្អ ដូចជា ការទំនាក់ទំនង ត្រូវប្រកបដោយទំនុកចិត្ត និងភាពជិតស្និទ្ធ។

គួររម្លឹកថា គុណភាពសេវា មិនមែនស្ថិតតែលើចំណេះដឹង ប៉ុន្តែស្ថិតលើទឹកចិត្ត និងស្មារតីផងដែរ។ ឯសណ្ដាប់ធ្នាប់ និងការរៀបចំឧបករណ៍បរិក្ខាពេទ្យមានភាពល្អ ទន្ទឹមនឹងនោះ ការលះបង់ និងឆន្ទៈរបស់ប្រធានមណ្ឌល និងបុគ្គលិក ត្រូវបានស្នើឱ្យពង្រឹងបន្ថែម ទាំងការបំពេញភារកិច្ច វិន័យខ្ជាប់ខ្ជួន និងការផ្តោតអារម្មណ៍យកចិត្តទុកដាក់ការងារ ដើម្បីឈានទៅរកភាពប្រសេីរឡេីង។

ជារួម មណ្ឌលសុខភាពកោះរ៉ុង ទទួលបានការវាយតម្លៃជាមូលដ្ឋានសុខាភិបាលល្អសមរម្យមួយ និងត្រូវបានលើកទឹកចិត្តឱ្យក្រុមការងារបន្តអនុវត្តកិច្ចការស្របគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍសមត្ថភាពអោយប្រសើរឡើង៕


Khcct banner

អត្ថបទទាក់ទង