681 ezgif.com resize
Swift cc time

ក្រសួងរៀបចំដែនដីឱ្យម្ចាស់សំណង់«សាលាជ័យថាវី»រុះរើសំណង់ខ្លួនក្រោយរំលោភផ្លូវសាធារណៈនិងខូចសោភ័ណភាពទីក្រុង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូនចំពោះសាធារណជនពី ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រោយក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និង ឃើញថា បានរំលោភ ផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងខូចសោភ័ណភាព សណ្តាប់ធ្នាប់ ក្នុងទីក្រុង ប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានា។

យោងតាមក្រសួងរៀបចំដែនដី បានគូសបញ្ជាក់ថា សំណង់សាលារៀនជ័យថាវី បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី។សំណង់នេះ បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ។

បើតាមក្រសួង សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ។

ការប្រកាសរបស់ក្រសួងរៀបចំដែនដីនេះ ធ្វើឡើងក្រោយពីបណ្តាញផ្សព្វផ្សាយសង្គមមួយ បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា ម្ចាស់សំណង់សាលាជ័យថាវី បានដាក់លិខិតស្នើសុំមកក្រសួង ដើម្បីស្នើសុំចាត់មន្ត្រីចុះពិនិត្យការរុះរើសំណង់របស់ខ្លួន ព្រោះនេះអាចជាការបម្រើឱ្យផលប្រយោជន៍បុគ្គលឯកជនណាមួយ។

ក្រសួងអំពាវនាវដល់គ្រប់បណ្តាញផ្សព្វផ្សាយសង្គម ធ្វើការផ្សព្វផ្សាយព័ត៌មានដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យមានការភ័ន្តច្រលំក្នុងសង្គម និង អ្នកសារព័ត៌មាន ម្ចាស់សំណង់ និង បងប្អូនប្រជាពលរដ្ឋយល់អំពីបញ្ហានេះ និងចូលរួមជាមួយសង្គមជាតិ ដើម្បីរៀបចំស្រុកយើងឱ្យបានស្អាត មានសោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងប្រកបដោយសេចក្តីថ្លៃថ្នូរ៕

Khcct banner

អត្ថបទទាក់ទង