
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន តាមរយៈសារសំឡេងក្នុងប្រព័ន្ធតេឡេក្រាម នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវទៅឪពុកម្តាយកុំឱ្យកូនៗចេញក្រៅផ្ទះនៅរាជធានីភ្នំពេញ ក្រោយរកឃើញករណីកូវីដ១៩នៅផ្សារអ៊ីអន១ ដែលស្ត្រីម្នាក់នោះ ក៏បានឡើងចុះខេត្តសៀមរាប ញឹកញាប់ផងដែរ។
សម្ដេចនាយករដ្ឋមន្រ្តីក៏បានណែនាំដល់អាណាព្យាបាល កុំឱ្យកូនចៅចេញក្រៅទៅណាមកណា នៅកន្លែងមានការជួបជុំមនុស្សច្រើន ដើម្បីជៀសវាងការដែលអាចមានការចម្លងកូវីដ១៩។ ចំពោះស្ត្រីដែលរកឃើញកូវីដ១៩នោះ មិនមែនជាអ្នកមកពីបរទេសឡើយ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងចាត់ទុករកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ជាករណីធ្ងន់ធ្ងរ ព្រោះស្ត្រីម្នាក់នេះមិនមែនជាអ្នកដំណើរ គឺជាអ្នកនៅក្នុងស្រុក ហើយជាជំទាវរបស់អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។