ភ្នំពេញ៖ ក្រុមហ៊ុន កាណា ត្រាស គឺជាក្រុមហ៊ុនបរធនបាលដំបូង និងឈានមុខគេនៅប្រទេសកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ២០១៨ ដោយពឹងផ្អែកលើធនធាន និងបណ្តាញរបស់ធនាគារ កាណាឌីយ៉ា ក.អ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើផ្នែកហិរញ្ញវត្ថុ។ ក្រុមហ៊ុន កាណា ត្រាស បានទទួលពានរង្វាន់ជាប់ៗគ្នាចំនួនបីលើកចាប់តាំងពីឆ្នាំ ២០២២ រហូតដល់ ឆ្នាំ ២០២៤ ដែលត្រូវបានផ្តល់កិត្តិនាមជា “ក្រុមហ៊ុនបរធនបាលឆ្នើមសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចអចលនវត្ថុ” ពីនិយ័តករបរធនបាលកិច្ច ដែលការទទួលពានរង្វាន់លើកទីបីនេះរៀបចំនៅក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៥ ក្រោមប្រធានបទ “បរធនបាលកិច្ចជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់” រៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ភ្នំពេញ។
ពានរង្វាន់នេះ បានប្រគល់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ការបន្តទទួលបានពានរង្វាន់នេះ គឺឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់អតិថិជន ដៃគូពាក់ព័ន្ធ និង ការគាំទ្រឥតឈប់ឈរពីនិយ័តករបរធនបាលកិច្ច ក៏ដូចជាការការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកក្រុមហ៊ុន កាណា ត្រាស ទាំងអស់។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន កាណា ត្រាស បានខិតខំ និងបន្តអភិវឌ្ឍន៍អាជីវកម្មឲ្យកាន់តែរឹងមាំ ផ្តល់សេវាកម្មជូនអតិថិជន ព្រមទាំងដៃគូពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងភាពល្អឥតខ្ចោះ ដែលមានលក្ខណៈបត់បែនដើម្បីកំណត់ដំណោះស្រាយល្អបំផុតនៅប្រទេសកម្ពុជា។