ភ្នំពេញ៖ ប្រទេសកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់នៃមហាព្រឹត្តិការណ៍ប្រកួតកីឡា វាយកូនគោល ពានរង្វាន់ Vattanac Legends Championship កម្រិតពិភពលោកជាលើកទីដំបូងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២១ វិច្ឆិកា ដល់ថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០២៥។ក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងមានការចូលរួមពីកីឡាករលំដាប់ពិភពលោកដែលជាជើងឯកវាយកូនគោលពិភពលោកប្រមាណ៦០នាក់ ជាមួយភ្ញៀវជាច្រើនរូបទៀត ជាពិសេសនឹងមានការចូលរួមបើកជាផ្លូវការដោយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
បើគ្មានអ្វីប្រែប្រួលនោះទេ មហាព្រឹត្តិការណ៍ប្រកួតកីឡា វាយកូនគោល ពានរង្វាន់ Vattanac Legends Championship នឹងចាប់ផ្តើមស្វាគមន៍ការមកដល់នៃភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេស កីឡាករលំដាប់ពិភពលោក ដែលជាជើងឯកវាយកូនគោលពិភពលោកប្រមាណ ៦០នាក់ និង ភ្ញៀវជាច្រើនទៀត ចាប់ពីថ្ងៃទី ១៧ វិច្ឆិកា ដល់ថ្ងៃទី ២៣ វិច្ឆិកាដែលជាថ្ងៃចុងក្រោយនៃការប្រកួត ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ក្នុងការប្រកួតវាយកូនគោលអន្តរជាតិដំបូងបង្អស់។
ពានរង្វាន់ Vattanac Legends Championship គឺជាការចាប់ដៃគ្នារវាងក្រុមហ៊ុន វឌ្ឍនៈ ជាមួយ Legends Tour ហើយការប្រកួតជើងឯកនេះនឹងប្រព្រឹត្តទៅនៅលើទីលានខាងកើតនៃ Vattanac Golf Resort ដែលជារមណីយដ្ឋានវាយកូនហ្គោលដែលទទួលបានពានរង្វាន់អន្តរជាតិច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ដែលរចនាដោយលោក Sir Nick Faldo។
មហាព្រឹត្តិការណ៍ប្រកួតកីឡា វាយកូនគោល លំដាប់អន្តរជាតិនេះ គឺដើម្បីផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាដែលកំពុងកើនឡើងក្នុងទិសដៅនៃ ឧត្តមភាព បដិសណ្ឋារកិច្ច និង ឱកាសបំផុសគំនិត រួបរួម និង បង្ហាញពិភពលោកអំពីឧត្តមភាពរបស់ប្រទេសកម្ពុជា គុណភាពនៃបរិក្ខាររបស់ និង ភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ក្នុងនាមជាអ្នករៀបចំបានចាត់ទុក ព្រឹត្តការណ៍នេះនឹងត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាអន្តរជាតិផងដែរ ដែលនឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាចំណុចកណ្តាលនៃពិភពលោកក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍កីឡា និង កិច្ចសហប្រតិបត្តិការអន្តរជាតិ។សម្រាប់អ្នកឧកញ៉ា ក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់សម្រាប់មហាព្រឹត្តិការណ៍អន្តរជាតិនេះ និង ជឿជាក់ថាការប្រកួតនេះនឹងជំរុញប្រជាជនកម្ពុជាកាន់តែច្រើនឱ្យស្វែងយល់ និងចាប់យកកីឡាហ្គោល ដែលជាកីឡាដែលបណ្តុះវិន័យ ការផ្តោតអារម្មណ៍ និង ការគោរពចំពោះគ្នាទៅវិញទៅមក។
ចំណែកលោក ថោង ខុន ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកមហាព្រឹត្តិការណ៍ប្រកួតកីឡា វាយកូនគោល នេះ នឹងផ្សព្វផ្សាយពីកីឡាករទេសចរណ៍បែបប្រណិត ជំរុញកំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ លើស្ទួយវប្បធម៌ និង បដិសណ្ឋារកិច្ច បង្ហាញពីគុណភាពនៃបទពិសោធន៍ដែលមាននៅកម្ពុជា និង ផ្សព្វផ្សាយទៅកាន់អ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា បើតាមគម្រោង ក្នុងមហាព្រឹត្តិការណ៍ វាយកូនគោល អន្តរជាតិ ជាប្រវត្តិសាស្ត្រនេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងផ្តល់កិត្តយសចូលរួមវាយកូនគោលនេះ នៅថ្ងៃទី ១៩ វិច្ឆិកា ជាមួយកីឡាករអាជីពអន្តរជាតិ ជម្រើសជាតិ អមជាមួយអង្គទូតនានាប្រចាំនៅកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត៕