តាកែវ៖ សមត្ថកិច្ចខេត្តតាកែវ នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានកោះហៅឈ្មោះ តែត បញ្ញា ជាអ្នកផលិតមាតិកា មកធ្វើការសុំទោស និងធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពផលិតមាតិកាធ្វើអោយប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរ មុខមាត់ខេត្ដតាកែវទាំងមូល។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណបានផលិតមាតិកាពាក់ព័ន្ធខេត្ដតាកែវ ថាសាហាវឃោរឃៅជាងគេ បានរៀបចំថតរូបភាពធ្វើនៅលើផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម Facebook & TikTok លោកនាយឧត្ដមសេនីយ៍ និងលោកអភិបាលខេត្ត បានបញ្ជាអោយកម្លាំងនគរបាលខេត្ដ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា កោះហៅជននោះមកធ្វើការសាកសួរ។
បន្ទាប់ពីបានស្រាវជ្រាវ នៅវេលាម៉ោង២១ និង៣០នាទីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញ បានធ្វើការអប់រំឈ្មោះ តែត បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ទីកន្លែងកំណើតនៅស្រុកគីរីវង់ ខេត្ដតាកែវ (បច្ចុប្បន្នរស់នៅភ្នំពេញ)ដែលជាអ្នកផលិតមាតិកា មកធ្វើការសុំទោស និងធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពផលិតមាតិកាធ្វើអោយប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរ មុខមាត់ខេត្ដតាកែវទាំងមូលផងដែរ៕