ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ៣ ខែវិច្ចិកានេះ បានចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក នៅថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមសេចក្តីអំពាវនាវ បានឲ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្តតាមវិធានការ រួមមាន៖ មិនត្រូវបើកបរលើសល្បឿនកំណត់ នឹងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។ ទន្ទឹមនឹងនេះ ក៏មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ ជាងនេះទៅទៀត មិនឲ្យបើកបរក្នុងស្ថានភាពងងុយដេក និងផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។
ជាមួយគ្នានេះ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវ ផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។ ម្យ៉ាងទៀត ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំ និងពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាចាំបាច់ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ។ ល។មុនចេញដំណើរ ព្រមទាំងបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ៕