ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា សារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីលំហសេរីភាពប្រសើរក្នុងការប្រកបការងារដោយអ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថា មានសេរីភាពពេញលេញក្នុងការ ប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព គ្មានការយាយី និងមានបរិយាកាសងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។
លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលមានសារៈសំខាន់ណាស់ ហើយជាអាទិភាពចំបងមួយរបស់ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិមុនៗមក បន្តរហូតដល់អាណត្តិទី៧ នេះ។
លោក ទេព អស្នារិទ្ធ បានបន្ថែមថា ការធានាបរិយាកាសល្អ មានសុវត្ថិភាព អំណោយផលដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា ត្រូវបានបន្តលើកកម្ពស់ និងការពារ ខណៈការផ្តល់កិច្ចគាំពារសង្គម និងផ្លូវច្បាប់ ត្រូវបានបន្តយកចិត្តទុកដាក់ខ្លាំង ពីសំណាក់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ចំពោះអ្នកសារព័ត៌មានដែលបានចុះបញ្ជីស្របច្បាប់ គោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ អនុវត្តតួនាទីនិងភារកិច្ច ដោយអនុលោមតាមច្បាប់កំណត់។
ជាមួយគ្នានេះ លោកបានលើកឡើងថា ជាក់ស្តែង របាយការណ៍ស្ទង់មតិទូទាំង ប្រទេសស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញអំពីលំហសេរីភាពប្រសើរក្នុងការប្រកបការងារដោយអ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថា មានសេរីភាពពេញលេញក្នុងការ ប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព គ្មានការយាយី និងមានបរិយាកាសងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ លទ្ធផលនេះបានបង្ហាញពីការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។ ជាមួយគ្នានេះ តាមរបាយការណ៍ស្ទង់មតិ អ្នកសារព័ត៌មានចំនួន ៨១,៤% បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ថា តាមទិន្នន័យ និងរបាយការណ៍របស់ក្រសួងព័ត៌មានរយៈពេល ៨ឆ្នាំចុងក្រោយនេះ គឺមិនមានអ្នកសារព័ត៌មានណាម្នាក់ត្រូវសម្លាប់ក្នុងពេល បំពេញការងារប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។ គិតចាប់ពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៥ យោងតាមទិន្នន័យស្ថិតិដដែលនេះ អតីតអ្នកសារព័ត៌មាន និងមន្ត្រីក្រសួងព័ត៌មានសរុបចំនួន ៤ រូប បានទទួល មរណភាពដោយជរាពាធ ហើយអ្នកសារព័ត៌មាន ១ រូបបានទទួលមរណភាព ដោយការលបបាញ់ព្រោះគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានជម្រះក្តីហើយ៕