ភ្នំពេញ៖ ក្មេងប្រុសម្នាក់ ឈ្មោះ សល្យ ស៊ីធីណែត អាយុ១៤ឆ្នាំ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីឲ្យជួយម្តាយរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារ រឿងជំពាក់ប្រាក់ម្ចាស់បំណុលទាំងដើមទាំងការរហូតដល់១លាន១៧ម៉ឺនដុល្លារ ព្រមទាំងដាក់បញ្ចាំប្លង់ដី និងប្លង់ផ្ទះទៀតផងដែរ (លុយដើមដែលខ្ចីមានចំនួន ៤៥ម៉ឺនដុល្លារ)។
នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្មេងប្រុសឈ្មោះ សល្យ ស៊ីធីណែត អាយុ១៤ឆ្នាំ ត្រូវជាកូនប្រុស លោកស្រី អែម ចន្ធី បានមកដាក់ពាក្យប្ដឹងសុំឱ្យ ACU ជួយរកយុត្តិធម៌ករណី លោក គិត សំណាង ជាអ្នកចងការប្រាក់ បានរៀបចំឧបាយកលយកផ្ទះ និងប្តឹងម្តាយខ្លួន (អែម ចន្ទី) ពីបទមិនបំពេញកាតព្វកិច្ចនូវឧបករណ៍អាចជួញដូរបាន។
ឆ្លើយតបនឹងពាក្យបណ្តឹងសុំអន្តរាគមន៍នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញរបាយការណ៍បឋមចំពោះករណីនេះ ក្រោយបញ្ចប់ការសួរនាំ និងធ្វើការស្រាវជ្រាវ ក្រោមការដឹកនាំរបស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទីអង្គភាព និងលោក យ៉ិនទៀង ពុទ្ធរ៉ា ឧបការី នៃអង្គភាព ដែលមានក្រុមការងារស្រាវជ្រាវចំនួន៦នាក់។
យោងតាមរបាយការណ៍បឋមអំពីការស្រាវជ្រាវរហ័សរបស់ក្រុមការងារ (ACU) បានបង្ហាញថានៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ លោកស្រី អែម ចន្ទី ខ្ចីប្រាក់ពីលោក គិត សំណាង ចំនួន ៤៥ម៉ឺនដុល្លារ ដោយបានទទួលប្រាក់ ចំនួន ០២លើក។ លើកទី១ ចំនួន ៣៥ម៉ឺនដុល្លារ ដើម្បីយកទៅដោះបំណុលជាមួយធនាគារ Mega International Commercial Bank និងលើកទី២ ចំនួន ១០ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។ ការខ្ចីប្រាក់ ៤៥ម៉ឺនដុល្លារ នេះ មាន រយៈពេល ០៦ខែ (០១/៨-២០២០-០១/២-២០២១) ការប្រាក់ ១.៧%/១ខែ ស្មើនឹង ៧៦៥០$ និងប្រាក់ព័និយការយឺតយ៉ាវ ៣០០$/១ថ្ងៃ និងដាក់បញ្ចាំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12060107-0051 ចុះថ្ងៃទី២៨/៥-២០០៨ ស្ថិត នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលខ្លួនទើបសោះបានពីធនាគារមកឱ្យម្ចាស់បំណុល។
ដោយមិនមានលទ្ធភាពសងម្ចាស់បំណុល គិតសរុបប្រាក់ដើម និងប្រាក់ការបានឡើងដល់ជាង ១លានដុល្លារ លោក គិត សំណាង ជាម្ចាស់បំណុលក៏បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ក្រោយម្ចាស់បំណុលដាក់ពាក្យប្តឹងទៅតំណាងអយ្យការ ហើយត្រូវបានតុលាការបន្តនីតីវិធី រហូតឈានដល់ការឃាត់ខ្លួនស្រ្តីរូបនេះដាក់ពន្ធនាគារ តាមអំណាចសាលក្រមដែលផ្តន្ទាទោសគាត់២ឆ្នាំ ជាមួយការតម្រូវឲ្យសងលុយទៅម្ចាស់ដើមវិញ។
ទាក់ទងនឹងករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងស្ថិតនៅក្នុងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយ ACU បានជូនយោបល់ដល់លោកស្រី អែម ចន្ធី និងមេធាវី ត្រូវបង្ហាញភស្តុតាង និងដាក់ពាក្យទៅតុលាការកំពូល ព្រោះនៅមានឱកាសស្វែងរកយុត្តិធម៌។