តាកែវ៖ អាគារមជ្ឈមណ្ឌលសហគមន៍ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ពហុវិស័យ «គម្រោងភូមិតេជោ១០០» ស្ថិតនៅបរិវេណសាលាស្រុកអង្គរបូរី ក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ឃខេត្តតាកែវ សម្រេចកសាងបាន ៧៥%។ គម្រោងនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ ដោយមានការគាំទ្រសហគមន៍ បង្កើតផលិតផល និងជួយរក្សាស្ថេរភាពប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទក្នុងរដូវការទេសចរទាប។
គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាគារមជ្ឈមណ្ឌលសហគមន៍ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ពហុវិស័យ «គម្រោងភូមិតេជោ១០០» ដែលត្រូវបានស្ថាបនាឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គ្រោងបញ្ចប់ និងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។ គម្រោងនេះ ស្ថិតនៅបរិវេណសាលាស្រុកអង្គរបូរី ក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ឃខេត្តតាកែវ ដោយបច្ចុប្បន្នសម្រេចកសាងបាន ៧៥%។
បើតាមលោក លោក រស់ រ័ត្ន អភិបាលស្រុកស្តីទី និងជាប្រធានអង្គភាពអនុវត្តគម្រោងភូមិតេជោ១០០ ស្រុកអង្គរបូរី បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ភ្នំដា ក្នុងស្រុកអង្គបូរីដែលជាទឹកដីប្រវត្តិសាស្រ្តបានទទួល ផលប្រយោជន៍ជាច្រើន ពីគម្រោងតេជោភូមិ១០០ ព្រោះគម្រោងនេះប្រើប្រាស់វិធីសាស្រ្តចំនួនពីរ គឺលើកកម្ពស់វិស័យទេសចរណ៍ រួមជាមួយនឹងការគាំទ្រសហគមន៍ តាមរយៈការលើកកម្ពស់កសិកម្មដើម្បីបង្កើតផលិតផល កសិទេសចរណ៍ថ្មី និងជួយរក្សាស្ថេរភាពប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទក្នុងរដូវការទេសចរទាប។
គម្រោងនេះក៏នឹងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងភូមិការកសាងសមត្ថភាពសហគមន៍ក្នុងមូលដ្ឋាន ការផ្ដល់សេវាកម្មទេសចរណ៍ និងការបង្កើតលទ្ធផលថ្មីៗលើកកំពូលវិស័យទេសចរណ៍ និងការបង្កើតឱកាសបង្កើតជីវភាពរស់នៅតាមរយៈការធ្វើការដាំដុះដំណាំកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិស្ថាននានា ដើម្បីគាំទ្រដល់ប្រតិបត្តិការទេសចរណ៍ ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកអង្គបូរី បានចូលរួមបណ្ដុះបណ្ដាល ពីការចញ្ចឹមបង្កងទឹកសាបអង្គបូរី និងការភ្ញាស់ កូនបង្កង ដើម្បីទ្រទ្រង់ដល់ភ្ញៀវ ទេសចរណ៍ដែលមកកម្សាន្ត៕