កូឡាឡាំពួរ៖ លោក Pete Hegseth រដ្ឋមន្រ្តីនៃនាយកដ្ឋានសង្រ្គាមនៃសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា អាម៉េរិក និងកម្ពុជា ឯកភាពគ្នាចាប់ផ្តើមសមយុទ្ធយោធាទ្វេភាគីដ៏សំខាន់ជាមួយគ្នាឡើងវិញ។ សមយុទ្ធយោធាទ្វេភាគីថ្មីនេះ ជាការបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ក្រោយភាគីទាំងពីរខកខានការរៀបចំ«សមយុទ្ធ»រួមគ្នាជិត១០ឆ្នាំ។ ការលើកឡើងនេះ កំឡុងពេលជំនួបរវាងលោក Pete Hegseth និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅប្រទេសម៉ាឡេស៊ី។
បើតាមការបង្ហោះផ្សាយរបស់លោក Pete Hegseth រដ្ឋមន្រ្តីនៃនាយកដ្ឋានសង្រ្គាមនៃសហរដ្ឋអាម៉េរិក តាមរយៈបណ្តាញសង្គម ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានយល់ព្រមចាប់ផ្តើមសមយុទ្ធយោធាទ្វេភាគីដ៏សំខាន់ជាមួយគ្នាឡើងវិញ។
គួរបញ្ជាក់ថា តាមលទ្ធផលថ្មីៗនេះ រវាងលោក ដូណាល់ ត្រាំ និង សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៦ តុលា បានព្រមទាំងដកបំរាមការលក់សម្ភាវុធមកលើប្រទេសកម្ពុជា និងបើកឱ្យមានការរៀបចំ«សមយុទ្ធឆ្មាំអង្គរ»ឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ។ សហរដ្ឋអាម៉េរិក និង កម្ពុជា បានព្រមព្រៀងគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង និង អង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និង មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត៕