ភ្នំពេញ៖ លោក យិន ធី ប្រធានគណៈគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ នាថ្ងៃទី៣១ តុលា បានបញ្ជាក់ថា កំណែវិញ្ញាសាកម្មវិធី«សំណេរអង្គរ»លើកទី៣ នឹងយោងតាមឯកសារវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត ទាំងវគ្គ១ និងវគ្គ២ និងក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ដូច្នេះ សម្រាប់បេក្ខជនដែលនឹងប្រកួតប្រជែងក្នុងកម្មវិធីសំណេរអង្គរ គួរវឹកហាត់ និងសរសេរត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត និងក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ការលើកឡើងនេះ កំឡុងពេលសន្និសីទកាសែតកម្មវិធីសំណេរអង្គរ។
បើតាមលោក យិន ធី មានប្រសាសន៍ថា ក្នុងការប្រកួតប្រជែងសំណេរអង្គរលើកទី៣នាពេលខាងមុខ នឹងរៀបចំឡើងដោយមានការកែលើសន្លឹកកិច្ចការដោយសុក្រឹត្យ ក្រោមកំណែវិញ្ញាសាយោងតាមវចនានុក្រមវគ្គ១ និងវគ្គ២ នៃវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត និងវចនានុក្រមរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ក្នុងន័យនេះ ប្រសិនបើពាក្យមួយចំនួនមិនមានក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាតនោះទេ គណៈកម្មការនៃកម្មវិធីសំណេរអង្គរ នឹងពិនិត្យមើលបន្ថែមក្នុងវចនានុក្រមរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
បើតាមប្រភពដដែល ការកំណែសំណេរអង្គរ នឹងមានគណៈកម្មការកំណែចំនួន៣ រួមមាន៖ គ្រូបង្រៀនជំនាញភាសាខ្មែរ គណៈកម្មការត្រួតពិនិត្យថ្នាក់ជាតិ និងគណៈកម្មការអនុម័ត ដែលមានអ្នកជំនាញពីគ្រប់ស្ថាប័ន និងអង្គភាពរបស់ក្រសួងអប់រំ។
គួរបញ្ជាក់ថា កម្មវិធីនេះ បានរៀបចំដំបូងនាឆ្នាំ២០២៤ ដោយកម្មវិធីនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំប្រកួតសរសេរតាមអានអក្សរសាស្រ្តខ្មែរបន្តជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៤ មានអ្នកចូលរួមប្រកួត៧០០នាក់ ដោយមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាគណៈធិបតីឡើងអានអត្ថបទ។
ចំណែកកម្មវិធី«សំណេរអង្គរ»លើកទី២ កាលពីឆ្នាំ២០២៥ មានបេក្ខជនប្រកួតចំនួន ១២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត រួមទាំងបរទេស ដោយមានលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទសម្រាប់បេក្ខជនដោយផ្ទាល់។ កម្មវិធីសំណេរអង្គរលើកទី២ បេក្ខជនចូលរួមប្រកួតចាស់ជាងគេមានអាយុ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ៕
សម្រាប់កម្មវិធី«សំណេរអង្គរ»លើកទី៣ ឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅលើស្ពានហាល ប្រាសាទអង្គរវត្ត ដែលនឹងមានបេក្ខជនប្រកួតចំនួន១៨៦០នាក់ ដើម្បីរម្លឹកដល់លោក ហង់រី មូហូ ដែលលោកបានមកដល់អង្គរ ទឹកដីខេត្តសៀមរាប ក្នុងឆ្នាំ១៨៦០ និងជាអ្នកផ្សាព្វផ្សាយប្រាសាទអង្គរវត្ត ទីកាន់ពិភពលោក។ ការប្រកួតឆ្នាំនេះ នឹងមានព្រះអង្គ ហាក់ សៀងហៃ និមន្តអានអត្ថបទសម្រាប់បេក្ខជនដោយផ្ទាល់៕