គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ក្រុមការងារម៉ាពូខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន បានប្រមូលទិន្នន័យនៃការប្រើប្រាស់ដីចម្ការមីនដែលបានបោសសម្អាតរួចចំនួនជាង ១ ៦០០ កន្លែង (ទំហំផ្ទៃដីប្រមាណ ១២១ គីឡូម៉ែត្រការ៉េ) ក្នុងខេត្តទាំង៣ ដោយក្នុងនោះ ផ្ទៃដីប្រមាណជិត៨០ភាគរយ ត្រូវបានប្រជាពលរដ្ឋអ្នកទទួលផលប្រើប្រាស់សម្រាប់បង្កបង្កើនផលធ្វើកសិកម្ម។
មន្ត្រីជំនាញ បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការអនុវត្តសកម្មភាពមីន (PMS) ជាឧបករណ៍មួយត្រូវបានបង្កើតឡើងសម្រាប់ប្រមូលព័ត៌មាន និងទិន្នន័យផលសេដ្ឋកិច្ចសង្គមនៃការប្រើប្រាស់ដីបោសសម្អាតមីនរួច ដោយប្រជាពលរដ្ឋអ្នកទទួលផលលើផ្ទៃដីទាំងនោះ។ ការងារប្រមូលទិន្នន័យនេះ ត្រូវបានអនុវត្តដោយក្រុមការងារផែនការសកម្មភាពខេត្ត(ម៉ាពូ) ចាប់តាំងពីឆ្នាំ២០២០ ដល់បច្ចុប្បន្ន ក្នុងខេត្តគោលដៅចំនួន៣ ដែលអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ (CFR-IV) រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រោយម៉ាពូបញ្ចប់ការប្រមូលទិន្នន័យ PMSនេះ នាយកដ្ឋានផែនការការ សេដ្ឋកិច្ចសង្គម និងគ្រប់គ្រងទិន្នន័យ តែងរៀបចំកិច្ចប្រជុំបច្ចេកទេសជាមួយម៉ាពូ មន្ត្រីគម្រោង CFR-IV ដើម្បីបូកសរុបលទ្ធផលនៃការប្រមូលទិន្នន័យ និងវិភាគទិន្នន័យការប្រើប្រាស់ដីក្រោយបោសសម្អាតមីនមីនរួច ដើម្បីផលិតរបាយការណ៍PMSនេះប្រចាំឆ្នាំ៕