681 ezgif.com resize
Swift cc time

កម្ពុជាសម្រេចបង្កើតជាផ្លូវការនូវ «ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

នូវ៉ែលហ្សេឡង់៖ លោកបណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និង ជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ នៅថ្ងៃទី ៣១ តុលានេះ បានរៀបចំប្រកាសបើកជាផ្លូវការនូវ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។តាមរយៈការិយាល័យនេះ ត្រូវបានគេរំពឹងថា នឹងពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់តំបន់ប៉ាស៊ីហ្វិក និង ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។

ក្នុងពិធីបើកជាផ្លូវការនោះ លោក បណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ពីសារៈសំខាន់ នៃការបង្កើតការិយាល័យតំណាងនៅទីក្រុងអូក្លិននៅវេលានេះ ម៉ោងនេះ គឺត្រូវបានគេមើលឃើញថាជា ការវិនិយោគទុនការទូតសេដ្ឋកិច្ចដ៏សំខាន់ របស់កម្ពុជា។ នូវ៉ែលហ្សេឡង់ ត្រូវបានទទួលស្គាល់ថា ជាមហាអំណាចមួយក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាកសិកម្មទំនើប និង ការកែច្នៃចំណីអាហារ ដែលជាវិស័យអាទិភាពក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោក បណ្ឌិត កៅ ថាច ការិយាល័យថ្មីនេះនឹងដើរតួនាទីជា ទីប្រឹក្សា និងជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាព ក្នុងការ ផ្សព្វផ្សាយ និងទាក់ទាញវិនិយោគជាកន្លែង ផ្តល់ព័ត៌មានលម្អិតអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌតំបន់ និងសកល (RCEP) និងសក្តានុពលនៃការវិនិយោគទៅលើវិស័យកែច្នៃកសិផល ឧស្សាហកម្ម និងបច្ចេកវិទ្យា។ ជំរុញការនាំចេញបង្កើតវេទិកាសម្រាប់ផលិតផលកសិកម្ម និងសិប្បកម្មរបស់កម្ពុជា ឱ្យអាចជ្រៀតចូលទៅក្នុងទីផ្សារនូវ៉ែលហ្សេឡង់ ដែលផ្តោតលើគុណភាពខ្ពស់ និងសុវត្ថិភាពម្ហូបអាហារ។ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ភ្ជាប់ទំនាក់ទំនងរវាងធុរជននិងធុរជន (B2B) និងស្វែងរកឱកាសបណ្តុះបណ្តាលដើម្បីផ្ទេរបច្ចេកវិទ្យាទំនើបៗមកកម្ពុជា។

លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក"ការិយាល័យតំណាងនេះ គឺជាដៃគូយុទ្ធសាស្ត្ររបស់ស្ថានទូត ក្នុងការអនុវត្តគោល នយោបាយការទូតសេដ្ឋកិច្ច។ស្នើសុំឱ្យប្រធាន ត្រូវបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត ដើម្បីធានាបាននូវការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។ ភារកិច្ចចម្បងគឺការផ្សព្វផ្សាយទីផ្សារសក្តានុពល ជាពិសេសលើ កសិផល និងទំនិញកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ ដើម្បីពង្រីកចំណែកទីផ្សារឱ្យបានទូលំទូលាយ។"

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានប្រកាសលទ្ធផលបោះឆ្នោតដែលបានជ្រើសរើស លោក ឃួយ ម៉ៃខល ជាផ្លូវការ និង ទទួលបានការអនុម័ត ជា ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់។លោក ឃួយ ម៉ៃខល ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងប្រើប្រាស់បទពិសោធន៍ ជំនាញ និង បណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនទាំងអស់ ដើម្បីធ្វើឱ្យការិយាល័យតំណាងរបស់យើងនៅអូក្លិននេះ ក្លាយជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពបំផុត។

លោកថា "ខ្ញុំនឹងជំរុញការផ្សព្វផ្សាយអំពីសក្តានុពល 'កសិកម្មស្អាត' និង 'ទំនិញមានគុណភាព' របស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ និងតំបន់ប៉ាស៊ីហ្វិក ដោយឈរលើគោលការណ៍តម្លាភាព។ ខ្ញុំនឹងខិតខំធ្វើការជាមួយវិនិយោគិនដើមកំណើតខ្មែរនៅទីនេះ ដើម្បីបង្វែរមនោសញ្ចេតនាមាតុភូមិ ឱ្យក្លាយជា ទុនវិនិយោគពិតប្រាកដ ត្រឡប់ទៅបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិមាតុភូមិវិញ។ ខ្ញុំនឹងមិនទុកឱ្យការទុកចិត្តដ៏ឧត្តុង្គឧត្តមនេះខកបំណងឡើយ!"៕

Khcct banner

អត្ថបទទាក់ទង