ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងសង្កេតឃើញថា សិស្សានុសិស្សនៅគ្រប់កម្រិតទទួលបានឱកាសចូលរៀនកាន់តែច្រើន មានការផ្លាស់ប្តូរឥរិយាបថ ការគោរពវិន័យប្រកបដោយសីលធម៌ និងទទួលបានចំណេះដឹងកាន់តែប្រសើរឡើង ទោះបីប្រទេសជាតិកំពុងមានបញ្ហាប្រឈមតិចតួចយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការអប់រំចំណេះទូទៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ បានប្រព្រឹត្តទៅតាមការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរជាទីសាទរ។
ជាយុទ្ធការកន្លងមក គិតត្រឹមឆ្នាំសិក្សា២០២៤ ក្រសួងបានវាយតម្លៃ និងទទួលស្គាល់សាលារៀនចំនួន២៥០ ជាសាលារៀនជាប់ស្តង់ដាសាលារៀនគំរូ។ ជាមួយគ្នានេះ គិតត្រឹមឆ្នាំសិក្សា២០២៤-២០២៥ រាជរដ្ឋាភិបាល នីតិកាលទី៧ បានជំរុញ និងគាំទ្រការអនុវត្តវិធានការគន្លឹះទាំង៤ នៅក្នុងសាលាបឋមសិក្សារគោលដៅចំនួន១៦១សាលា ដោយផ្តោត លើការបន្ថែមម៉ោងសិក្សា២ម៉ោងក្នុងមួយថ្ងៃ ដើម្បីពង្រឹងការរៀនភាសាខ្មែរ ការអាន និងគណិតវិទ្យា។
ទោះបីស្ថិតក្នុងអំឡុងពេលដែលសាលារៀនមួយចំនួនត្រូវបានផ្អាកដំណើរការ ដោយសាររងផលប៉ះពាល់ពី សង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានខិតខំបន្តផ្តល់សេវាបង្រៀននិងរៀនដល់សិស្សានុសិស្ស តាមរយៈការរៀបចំការបង្រៀន និង រៀនជាលក្ខណៈប្រមូលផ្តុំនៅសាលារៀននិងជំរំ។ សកម្មភាពនៃការអប់រំដល់កុមារគ្រប់ពេលវេលា និងទីកន្លែងបានបន្តកម្រិតនៃការអប់រំ និងអភិវឌ្ឍឥរិយាបថរស់នៅ មានវិន័យល្អដល់សិស្សានុសិស្ស។
ដើម្បីអភិវឌ្ឍន៍ការអប់រំ និងរក្សាឥរិយាបថសិស្សានុសិស្សឲ្យបានល្អបន្ថែមទៀត រាជរដ្ឋាភិបាលនឹងបន្តពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស យកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញលើកទឹកចិត្តពីមាតាបិតា អាណាព្យាបាល និងសហគមន៍ដល់សិស្សានុសិស្សជាដើម៕