681 ezgif.com resize
Swift cc time

ខេត្តសៀមរាប នឹងរៀបចំ«កម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត» នាឱកាសព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានត្រៀមរៀបចំទីតាំងសម្រាប់កម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត តាមដងស្ទឹងសៀមរាប នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

នៅព្រឹកថ្ងៃទី៣០តុលានេះ លោកអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ នៅទីសក្ការព្រះអង្គចេកព្រះអង្គចម លោកយាយទេព រូបសំណាក់ព្រះគណេស អ្នកទេពារក្ស លោកតាពេជ និងបូជាគ្រឿងសក្ការនៅវេទិកាអុំទូក ដើម្បីសុំម្ចាស់ទឹកដីទីកន្លែង និងសុំសេចក្ដីសុខសិរីសួស្ដី គ្រប់ប្រការដល់ដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥។

លោកអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នឹងរៀបចំកម្មវិធីកម្សាន្ត មួយចំនួនដូចជា៖ កម្មវិធីជិះទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ (ទូកអុំខ្នាតតូចចំណុះ ៥នាក់) កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ផលិតផល កម្មវិធីប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ដើម្បីជម្រុញដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តសៀមរាប តាមរយៈការគាំទ្រអំពីផលិតផលខ្មែរដែលធ្វើឡើង ដោយស្នាដៃកូនខ្មែរ អនុវត្តតាមពាក្យស្លោក «ភូមិមួយផលិតផលមួយ» រួមទាំងបង្កើតឱ្យមាននូវ ផ្ទាំងទស្សនីយភាពប្លែកៗ ទៅកាន់ភ្ញៀវទេសចរ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប ឱ្យបានយ៉ាងច្រើនកុះករ បន្ថែមទៀត ផងដែរ៕


Khcct banner

អត្ថបទទាក់ទង