ហុងគ្រី៖ លោក តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី បានចូលរួមអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។ លោកប្រធានាធិបតី មានក្តីសង្ឃឹមថា បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នឹងវិលទៅប្រក្រតីភាព ហើយប្រជាពលរដ្ឋទំាងសងខាងនឹងរស់នៅដោយសុខសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ។
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងលោកប្រធានាធិបតី បានពិភាក្សាគ្នាជាច្រើនពីតម្លៃសន្តិភាព។
លោកប្រធានាធិបតីប្រទេសហុងគ្រី បានគូសបញ្ជាក់ថា ជាទូទៅពលរដ្ឋ ត្រូវការសន្តិភាព ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋងាយនឹងរងគ្រោះដោយសារសង្រ្គាមណាស់។ សង្រ្គាមងាយនឹងផ្ទុះឡើង ប៉ុន្តែវាជាការលំបាកបំផុតក្នុងការបញ្ចប់សង្រ្គាម។ ហុងគ្រីក៏ចង់ឃើញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
លោក តាម៉ាស ស៊ូលយ៉ូក បានបញ្ជាក់ថា ប្រទេសហុងគ្រី បានត្រៀមជាស្រេចនៅក្នុងការថ្វាយការស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសហុងគ្រីដែលជានិមិត្តរូបដ៏សំខាន់នៃទំនាក់ទំនងដ៏យូរលង់និងរឹងមាំរវាងប្រទេសទាំងពីរ៕